ដោយវុត្ថា
ភ្នំពេញ៖ លោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅកម្ពុជា បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួនក្នុងពេលអនាគត ខណៈប្រទេសនេះ មានធនធានសម្បូរបែប។
លោក ឯកអគ្គរដ្ឋទូត នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ទីម័រខាងកើតសម្បូរដោយធនធានធម្មជាតិ ដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិនិយោគមកពីឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។
លោកបន្តថា ប្រជាពលរដ្ឋទីម័រខាងកើតបានគោរពស្រឡាញ់និងកោតសរសើរចំពោះវីរៈស្នេហា បម្រើប្រទេសជាតិនិងប្រជាជន ដូច្នេះ បានចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវាយតំលៃខ្ពស់អំពីវឌ្ឍនភាព នៃទំនាក់ទំនងការទូតល្អ រវាងប្រទេសទំាងពីរកម្ពុជានិងទីម័រខាងកើត។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹកចិត្តបន្តកិច្ចសហប្រតិបត្តិការអោយខ្លាំងក្លាថែមទៀតលើវិស័យទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។
សម្តេចបន្តថា កន្លងមក រដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្ររដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេតការណ៍របស់អន្តរសភាអាស៊ាន(អាយប៉ា) ហើយនិងបន្តគាំទ្ររដ្ឋសភាទីម័រជាសមាជិកពេញសិទ្ធទី១១ របស់អាយប៉ា និងអាស៊ាន នៅថ្ងៃអនាគត ៕






