ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងត្រៀមរៀបចំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជា ក្រោមបញ្ចប់វិបត្តិនៃជំងឺឆ្លង Covid-19 ដោយមានលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន និងជាសហប្រធានខាងភាគីចិនចូលរួមផងដែរ។
នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានបញ្ចប់កិច្ច ប្រជុំផ្ទៃក្នុងគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនស្តីពីភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនាតែរួមកម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការភាគីកម្ពុជា មានការអញ្ជើញចូលរួម ពីសមាជិក-សមាជិកាគណៈកម្មាធិការកម្ពុជា ដើម្បីត្រៀមចូលរួម កិច្ចប្រជុំតាមរយៈវីដេអូខនហ្វឺរេន (Video Conferrence) នៅថ្ងៃទី១៦ ខែមិថុនាខាងមុខ ជាកិច្ចប្រជុំធំជាមួយភាគីចិន ដែលនឹងមានការពិភាក្សាគ្នា លើរបៀបវីរៈថា តើកិច្ចសហការរវាងកម្ពុជា-ចិនកន្លងមក មានលក្ខណៈយ៉ាងណា ហើយទៅពេលអនាគត នឹងបន្តសហការគ្នាយ៉ាងណាបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្រោយពីវិបត្តិ Covid-19 ដោយសារតែជំងឺ Covid-19 នេះ បានប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យសេដ្ឋកិច្ច មិនមែនតែក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែគឺសកលលោកទាំងមូល។
ចាប់តាំងពីឆ្នាំ២០១០មក កម្ពុជា-ចិន បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងកម្ពុជា និងលោក វ៉ាង យ៉ី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដូច្នេះ ហើយទំនាក់ទំនងរវាងកម្ពុជាជាមួយចិន ជាទំនាក់ទំនងពិសេសលើគ្រប់ជ្រុងជ្រោយទាំងអស់៕






