ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងកំណើនផ្សារទំនើបជាច្រើន បាននិងកំពុងតែរីកដុះដាលជាបន្តបន្ទាប់នៅក្នុងរាជធានៅភ្នំពេញ និងនៅតាមតំបន់ជាយក្រុងនៅពេលខាងមុខនេះ ក្នុងនោះផ្សារទំនើបលំដាប់អន្តរជាតិធំៗចំនួន២ទៀត នឹងដាក់ដំណើរការនៅវិថីសម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ខណៈដែលបច្ចុប្បន្នផ្សារទំនើប១ក្នុងចំណោម២ កំពុងសម្រុកការសាងសង់ដើម្បីបញ្ចប់ក្នុងពេលខាងមុខនេះ។

វិបត្តិនៃជំងឺសាកលលោកដែលកំពុងកើតមាន និងបន្តរាតត្បាតនៅតាមបណ្តាប្រទេសនានានៅពេលបច្ចុប្បន្ននេះ មិនមែនជាឧបសគ្គចម្បង ចំពោះសំណើរការសាងសង់ និងអភិវឌ្ឍន៍គម្រោងផ្សារទំនើប កម្រិតអន្តរជាតិដែលមានតម្លៃរាប់សិបលានដុល្លារ ចំនួន២ ស្ថិតនៅតាមដងវិថីសម្ដេចតេជោហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រនោះទេ ។
គម្រោងសាងសងផ្សារទំនើបទាំងពីរខាងលើនេះ រួមមាន ផ្សារទំនើបលំដាប់អន្តរជាតិ PH Diamond Place ដែលមានទុនវិនិយោគប្រមាណ៦០លានដុល្លារ និងមណ្ឌលផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល មានទុនវិនិយោគប្រមាណ១៨០លានដុល្លារ។
ទី១– គម្រោងផ្សារទំនើបលំដាប់អន្តរជាតិ PH Diamond Place ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដី៦ហិកតា ស្ថិតនៅក្នុងគម្រោងបុរី ប៉េងហួតដឹ ស្តា ដាយមិន ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រនោះ។ សព្វថ្ងៃនេះ ក្រុមការងាររបស់ ប៉េង ហួត សំណង់ កំពុងតែមមាញឹកក្នុងការសាងសង់ ដើម្បីបញ្ចប់ឱ្យរួចរាល់ក្នុងឆ្នាំ២០២០ខាងមុខនេះ ជាមួយនឹងទុនវិនិយោគប្រមាណ៦០លានដុល្លារ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ប៉េងហួត គ្រុប និងទទួលខុសត្រូវដោយប៉េងហួត រីថែល។
ផ្សារទំនើបមួយនេះមានកម្ពស់៥ជាន់ និងមានផ្ទៃក្រឡាសម្រាប់ជួលប្រមាណ ៤០,០០០ ម៉ែត្រការ៉េ ប្រមូលផ្តុំទៅដោយហាងល្បីៗជាង២០០ហាង ថែមទាំងមានវិសាលភាពទីចំណតធំទូលាយ អាចចតរថយន្តនិងម៉ូតូបាន២០០០គ្រឿង។ រឹតតែអស្ចារ្យ គម្រោងផ្សារទំនើបនេះ ក៏បានទទួលពានរង្វាន់ផ្នែកស្ថាបត្យកម្ម លក់រាយល្អជាងគេ (Best Retail Architectural Design) ពីកម្មវិធី Cambodia Property Award ដែលរៀបចំឡើងដោយក្រុមហ៊ុន Property Guru ផងដែរ។

ទី២ គម្រោងមណ្ឌលផ្សារទំនើបលំដាប់អន្តរជាតិ ជីបម៉ុង២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុនជីប ម៉ុង រីថែល ដែលបានបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ កាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅ និងគ្រោងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២២។ វត្តមាននៃគម្រោងផ្សារទំនើបលំដាប់អន្តរជាតិមួយនេះ គឺជាផ្នែកមួយជួយធ្វើទំនើបកម្មឧស្សាកម្មលក់រាយនៅតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញកាន់តែមានភាពអស្ចារ្យ។
រហូតមកដល់ពេលនេះ មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិមួយ ដែលបានបណ្តាក់ទុនវិនិយោគប្រមាណ១៨០លានដុល្លារនេះ សម្រេចការសាងសង់បានប្រមាណជាង២០ភាគរយ និងមានទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ អចលទ្រព្យលើផ្ទៃដីទំហំ៤៣ហិកតា នៃគម្រោង លែនម៉ាក ២៧១ របស់ក្រុមហ៊ុន ជីប ម៉ុង លែន៕






