រដ្ឋាភិបាលសម្រេចបង្កើតច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ជាច្រកទ្វារព្រំដែនអន្តរជាតិ

ចែករំលែក

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត និងដំឡើងច្រកទ្វារតំបន់ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទៅជាច្រកព្រំដែនអន្តរជាតិ ជាផ្លូវការណ៍ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម រួមជាមួយបម្រើដល់ការដឹកជញ្ជូនលក្ខណៈអន្តរជាតិផងដែរ។ 

តាមរយៈសេចក្ដីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលគេហទំព័រ www.propertyarea.asia ទទួលបាននៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចដំឡើងច្រកទ្វារព្រំដែនថ្មដា នៃខេត្តពោធិ៍សាត់ ទៅជាច្រកទ្វារអន្តរជាតិថ្មីមួយទៀត ដែលការសម្រេចបង្កើតច្រកព្រំដែនមួយនេះ គឺយោងតាមការណែនាំដ៏ខ្ពងខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។  

នៅក្នុងសេចក្ដីប្រកាសដដែលនេះបានបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងការដំឡើង និងបង្កើតច្រកទ្វារព្រំដែនថ្មដា ទៅជាច្រកទ្វារព្រំដែនអន្តរជាតិនេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចឱ្យក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិធ្វើការចរចាជាមួយភាគីថៃ ដើម្បីសហការដំឡើងច្រកទ្វារតំបន់ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទៅជាច្រកទ្វារព្រំដែនអន្តរជាតិជាផ្លូវការ៕


ចែករំលែក