លោកស៊ុន ចាន់ថុលៈ ខេត្តមណ្ឌលគិរីមានសារសំខាន់ក្នុងការកសាងជាតិ ប្រកបដោយចីរភាព

ចែករំលែក

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូនបានអះអាងថា ខេត្តមណ្ឌលគីរី គឺជាតំបន់មួយដែលសារសំខាន់បំផុត ក្នុងការចូលរួមកសាងជាតិមាតុភូមិ ប្រកបដោយចីរភាពស្របតាមផែនការមេ និងគោលនយោបាយកាត់បន្ថយតម្លៃដឹកជញ្ជូនឱ្យបានសមស្រប។


នៅក្នុងកិច្ចសំណេះសំណាលជាមួយមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគីរីកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ និងការលើកឡើងពីគម្រោងសាងសង់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ទូទាំងខេត្តឡើងវិញក្នុងពេលខាងមុខនេះ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានមានប្រសាសន៍បញ្ជាក់ អំពីតួនាទីយ៉ាងសំខាន់របស់ខេត្តមណ្ឌគិរី ក្នុងការកសាងជាតិស្របតាមផែនការមេនៅក្នុងវិស័យដឹកជញ្ជូន។

លោកបានបញ្ជាក់ថា គម្រោងសាងសង់ ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេស ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ នៅទូទាំងខេត្តមណ្ឌលគីរី នឹងត្រូវអនុវត្ត ដើម្បីរួមចំណែកដល់ការសម្រួលការដឹកជញ្ជូនទំនិញ និងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

ខេត្តមណ្ឌលគីរី នៅប៉ែកឦសានប្រទេសនេះ គឺស្ថិតនៅក្នុងតំបន់គោលដៅនៃការកំណត់ប៉ូលសេដ្ឋកិច្ចទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងគម្រោងនៃការបង្កើតព្រលានយន្តហោះ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ដែលស្ថិតនៅក្នុងផែនការមេរបស់ជាតិផងដែរ។

ខេត្តមណ្ឌលគិរីមានចម្ងាយ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦, និង៧កាត់ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ និងមានផ្ទៃដី១៤.២៨៨គីឡូម៉ែត្រការេ ជាប់លំដាប់ទីមួយនៃបណ្តាផ្ទៃដី នៃរាជធានីខេត្តទាំង២៥ ដោយបែងចែកជាក្រុងចំនួន១ (ក្រុងសែនមនោរម្យ) និងស្រុកចំនួន៤

ជាមួយនឹងការបង្ហើប ពីគម្រោងការអនុវត្តហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ លោកក៏បានក្រើនរំលឹកនូវតួនាទីមន្ត្រីសាធារណៈ ក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្ត ខ្លះៗទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈផងដែរ៕



ចែករំលែក