ដោយៈ រ៉ាណេត
ព្រះសីហនុៈ បន្ថែមពីលើតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្ម នៅក្នុងខេត្តព្រះសីហនុពេលបច្ចុប្បន្ននេះ នៅមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៦ថ្មីទៀត កំពុងសាងសង់ដែលគ្រោងបញ្ចប់ និងដាក់ឱ្យដំណើរការចូលរួមគាំទ្រដល់វិស័យឧស្សាហកម្ម ជួយជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត នៅទីស្ដីការគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ បានលើកឡើងថា បច្ចុប្បន្ននេះនៅក្នុងខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១០ទីតាំង ស្ថិតនៅលើផ្ទៃដីសរុបប្រមាណ២៥៨៦,២៦ ហិកតា ដែលមានទំហំទុនវិនិយោគសរុបជាង១ ៤៨១លានដុល្លារ។
លោកបន្តទៀតថា “នៅក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសចំនួន១០ បច្ចុប្បន្ននេះ មានតែ៤ទីតាំងប៉ុណ្ណោះដែលដំណើរប្រតិបត្តិការ ដោយឡែកតំបន់សេដ្ឋ្កិច្ចពិសេសចំនួន៦ទៀត កំពុងតែបន្តដំណើរការសាងសង់ ដែលគ្រោងនឹងបញ្ចប់ និងដាក់ប្រើប្រាស់ក្នុងពេលខាងមុខនេះ”។ លោកបានបញ្ជាក់ទៀតថា “នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការខាងលើនេះមានវត្តមានរោងចក្រ សហគ្រាសសរុបចំនួន១៥១រោងចក្រ ហើយចំនួន៦៦រោងចក្រផ្សេងទៀត កំពុងដំណើរនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស”។
ជាមួយនឹងវត្តមាន នៃតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ខាងលើ ដែលគាំទ្រដល់វិស័យឧស្សាហកម្មនៅក្នុងខេត្តព្រះសីហនុ និងជាចំណែកមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់គោលដៅ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា រួមជាមួយនឹងការអភិវឌ្ឍខ្លួនក្លាយជា ក្រុងពហុបំណងក្នុងល្បឿនដ៏លឿន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កាលពីសប្ដាហ៍មុននេះថា “ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ”។ សម្ដេចបន្តទៀតថា “រាជរដ្ឋាភិបាលបានកំណត់ផែនការក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក”៕






