ដោយ ប៊ី
អន្តរជាតិៈ ចិនកំពុងព្យាយាមទាញខ្លួនចេញវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយផ្លូវឆ្ពោះទៅរកការងើបឡើងវិញហាក់ដូចជាយឺត និងរងផលប៉ះពាល់ ខណៈប្រទេសជាច្រើនលើពិភពលោកកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាត។
ការនាំចេញរបស់ប្រទេសសេដ្ឋកិច្ចធំជាងគេទី២ លើពិភពលោកបានធ្លាក់ចុះ៣,៣ភាគរយ បើធៀបនឹងកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមអ្នកវិភាគបានសន្មតថា ការធ្លាក់ចុះនេះ គឺដោយសារតែតម្រូវការខ្សោយនៅក្រៅប្រទេស។ ខណៈដែលប្រទេសចិន បានចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញកាលពីប៉ុន្មានខែមុន មហាអំណាចជាច្រើនផ្សេងទៀត ទើបតែចាប់ផ្តើមបន្ធូរបន្ថយវិធានការណ៍បិទទ្វារប្រទេសមួយចំនួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ការងើបឡើងវិញសម្រាប់ប្រទេសចិនទេ មិនមានភាពរលូនទាំងស្រុងនោះទេ។ ការនាំចូលកាលពីខែមុនបានធ្លាក់ចុះ១៦,៧ភាគរយ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីខែមករាឆ្នាំ ២០១៦ ដែលបង្ហាញថា តម្រូវការក្នុងស្រុកនៅតែធ្លាក់ចុះ។
លោក Mitul Kotecha អ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន TD Securities បានសរសេរថា “ទិន្នន័យនៃការនាំចូលចង្អុលបង្ហាញ ទិសដៅសេដ្ឋកិច្ចក្នុងស្រុកខ្សោយ សូម្បីតែប្រទេសចិន ចាប់ផ្តើមបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធក៏ដោយ”។
ប្រទេសចិន ដែលកំពុងពុះពារជាមួយសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ មុនពេលជំងឺរាតត្បាតវាយលុកក៏ដោយ ក៏បានព្យាយាមចំណាយលុយរបស់ខ្លួន ដើម្បីសង្គ្រោះការធ្លាក់ចុះនេះដែរ។ ប្រទេសចិនបានគ្រោង កាលពីខែមុន ថានឹងដាក់ចេញនូវកញ្ចប់ថវិកា៣,៦ ទ្រីលានយន់ (៥០០ពាន់លានដុល្លារ) ដល់សេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះ ក្នុងការកាត់បន្ថយពន្ធ គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងវិធានការជំរុញផ្សេងទៀត ដែលជាផ្នែកមួយនៃការបង្កើតការងារចំនួន៩លានកន្លែង និងសង្គ្រោះការធ្លាក់ចុះពីជំងឺរាតត្បាត។
យ៉ាងហោចណាស់មានសញ្ញាខ្លះ នៃការងើបឡើងវិញនៃតម្រូវការ ដែលត្រូវបានលើកទឹកចិត្តដោយការចែកចាយសាច់ប្រាក់កាន់តែច្រើន។ បើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយសមាគមរថយន្តដឹកអ្នកដំណើរចិន ការលក់រថយន្តដឹកអ្នកដំណើរបានកើនឡើងនៅក្នុងខែឧសភា ជាលើកដំបូងក្នុងរយៈពេល១១ខែ។ ប្រទេសនេះ បានលក់រថយន្តដឹកអ្នកដំណើរថ្មីចំនួន១,៦លានគ្រឿង កាលពីខែមុនពោលគឺកើនឡើង ១,៨%បើធៀបនឹងឆ្នាំមុន។
ប៉ុន្តែពាណិជ្ជកម្មនៅតែជាចំណុចរសើបមួយ សម្រាប់ប្រទេសចិន ដែលកំពុងគ្រប់គ្រងភាពតានតឹង ជាមួយសហរដ្ឋអាមេរិក៕






