អភិបាលខេត្តកោះកុង អំពាវនាវឱ្យវិនិយោគិន បោះទុនវិនិយោគលើវិស័យទេចរណ៍នៅក្នុងខេត្ត

ចែករំលែក

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តកោះកុង បានអំពាវនាវដល់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិទាំងអស់ ចូលរួមវិនិយោគលើវិស័យទេសចរណ៍នៅក្នុងខេត្តឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈដែលខេត្តជាប់សមុទ្រមួយនេះ មានតំបន់អេកូទេសចរណ៍ និងធនធានធម្មជាតិជាច្រើនកន្លែង។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង» នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ខេត្តកោះកុងមានសក្តានុពលធម្មជាតិដ៏សម្បូរបែប ធ្វើឱ្យមានការអភិវឌ្ឍជាច្រើនលើវិស័យទេសចរណ៍ ។

លោស្រីបន្តថា នៅក្នុងខេត្តកោះកុងមានតំបន់ទេសចរណ៍ជាច្រើន រួមមានតំបន់វិស្សមកាល តំបន់អេកូទេសចរណ៍ ធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ តំបន់ឆ្នេរ តំបន់ផ្ការថ្ម តំបន់កោះ និងមានសេវាកម្មទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងមណ្ឌលកម្សាន្តជាដើម។


លោកស្រីបន្ថែមថា “នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ មានភ្ញៀវទេសចរមកលេងខេត្តកោះកុងជាង ៣២ ម៉ឺននាក់ ហើយពីមួយឆ្នាំទៅមួយឆ្នាំ កើនឡើងពីមធ្យមពី ១៥ – ២៥ ភាគរយ បើធៀបទៅនឹងឆ្នាំកន្លងមកនេះ។ នៅក្នុងខេត្តកោះកុមានសណ្ឋាគារចំនួន ១០ និងផ្ទះសំណាក់ ៩៦ ទីតាំង” ។

ជាមួយគ្នានេះ លោកស្រីបានសុំអធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងខេត្តកោះកុង ខណៈកំពុងមានការខ្វះខាត ដែលទាមទារឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀត លើវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋាន ជាដើមស្របតាមអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យផ្សេងទៀតក្នុងការពង្រឹង និងពង្រីកវិសាលភាពសេដ្ឋកិច្ចជាតិ៕


ចែករំលែក