ដោយវុត្ថា
កោះកុងៈ អភិបាលខេត្តកោះកុងលោកជំទាវភូថង មិថុនាបានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មី ដែលស្ថិតទៅ ភូមិកោះប៉ោ ស្រុកមណ្ឌលសីមា បាននិងកំពុងឈួសឆាយកំណត់ព្រំប្រទល់ និងសិក្សាពីផលប៉ះពាល់បិរិស្ថានឱ្យបានច្បាស់មុននឹងឈានដល់ការអភិវឌ្ឍន៍ ជាផ្លូវការនាពេលខាងមុខ។
លោកជំទាវបានមានប្រសាសន៍បែបនេះក្នុងសន្និសីទ សារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាល ខេត្តកោះកុង»នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកាលពីកន្លងមកនេះ បានសម្រេចឲ្យក្រុមហ៊ុន ក្នុងស្រុកនិងក្រៅស្រុកវិនិយោគ លើការសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកោះកុង គឺនៅលើដីអតីតព្រលានយន្តកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ប៉ុន្តែបច្ចុប្បន្នបានសម្រេចប្តូរទីតាំងទៅ ភូមិកោះប៉ោ ស្រុកមណ្ឌលសីមាវិញ។ ការផ្លាស់ប្តូរគម្រោងនេះ ដោយសារមានផលប៉ះពាល់ ច្រើននៅទីតាំងចាស់។
តាមគម្រោង ការវិនិយោគព្រលានយន្តហោះនៅកោះកុង ធ្វើឡើងរវាងក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airwayរបស់ថៃ ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណជា៤០លានដុល្លារ ។
យោងតាមលិខិត របស់ទីស្តីការ គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ទើបចេញផ្សាយជាសាធារណៈ កាលពីថ្ងៃ១៣ មករា នេះបានឲ្យដឹងថា “រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ឲ្យប្តូរទៅវិនិយោគនៅទីតាំងថ្មី សម្រាប់ធ្វើព្រលានយន្តហោះលើផ្ទៃដី ទំហំប្រមាណពី៤០០ទៅ៦០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង” ៕
ទាក់ទងដីអតីតព្រលានយន្តហោះនៅក្នុងខេត្តកោះកុង លោកជំទាវភូថង មិថុនាបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ដីអតិតប្រលានយន្តហោះនៅក្នុងទីរួមខេត្តកោះកុង មិនទាន់បានមានការអភិវឌ្ឍន៍ទៅជាគម្រោងអ្វីនៅឡើយទេ បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្លាស់ប្តូរ គម្រោងសាងសង់ព្រលានយន្តហោះថ្មី ទៅ ស្ថិតភូមិកោះប៉ោ ស្រុកមណ្ឌលសីមាវិញ។
ឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មាន លោកស្រីមិថុនា ភូថងបានពន្យល់ថា តែយ៉ាងណា រដ្ឋបាលខេត្តនឹងគិតគូបន្ថែមទៀត ចំពោះការប្រើប្រាស់ដីអតិតព្រលានយន្តហោះខេត្តកោះកុងនេះ ដើម្បីយកទៅអភិវឌ្ឍន៍៕






