ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រោយការផ្អាកជើងហោះហើរមកកាន់កម្ពុជា ក្រោមវិបត្តិនៃការរាតត្បាតជំងឺ Covid-19 កាលពីពេលកន្លងទៅ នៅត្រឹមខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសចំនួន២ បានបង្ហាញពីគោលបំណងបើកការហោះហើរឡើងវិញ ដែលក្នុងនោះរួមមានក្រុមហ៊ុនអាកាសចរណ៍ANA របស់ប្រទេសជប៉ុន និងក្រុមហ៊ុន Vietnam Airlines របស់ប្រទេសវៀតណាម។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែកក្កដា។
តំណាងរបស់ក្រុមហ៊ុន អាកាសចរណ៍វៀតណាមបានបង្ហើបថា សព្វថ្ងៃនេះក្រុមហ៊ុនកំពុងពិភាក្សាលំអិតជាមួយ លេខាធិការដ្ឋានអាកាសចរស៊ីវិលវៀតណាម ក្រសួងគមនាគម និងដឹកជញ្ជូន ក្រសួងការបរទេស និងក្រសួងសុខាភិបាលវៀតណាម ដើម្បីរកវិធានការបើកជើងហោះហើរឡើងវិញ ឱ្យសមស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម។ តំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាមដដែល បានឱ្យដឹងទៀតថា ក្រុមហ៊ុននឹងចេញសេចក្តីជូនដំណឹង ជាផ្លូវការដល់សាធារណៈ ក្រោយពេលមានការឯកភាពចុងក្រោយជាមួយនឹងបណ្តាភាគីពាកព័ន្ធ។
ជាមួយនឹងគម្រោងនៃការបើកជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់ប្រទេសវៀតណាមខាងលើនេះ ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន All Nippon Airway (ANA) ដែលទើបសម្រេចផ្អាកការហោះហើរមកកាន់កម្ពុជា ក៏បានបង្ហាញពីគម្រោងនៃការហោះហើរឡើងវិញ នៅដំណាច់ខែកក្កដា ឆ្នាំ២០២០នេះផងដែរ ដោយដំណឹងស្ដីពីការហោះហើរសាជាថ្មី ជាផ្លូវការយ៉ាងណានោះ ក្រុមហ៊ុននឹងបញ្ជាក់ជូននៅពេលក្រោយ៕






