ដោយ ប៊ី
ភ្នំពេញៈ ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងនៅពីថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀត ក្នុងការស្វែងរកព័ត៌មានលម្អិត សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានគ្រោងទុកជាមួយប្រទេសកម្ពុជា ខណៈទីក្រុងសេអ៊ូលព្យាយាមពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងធ្វើពិពិធកម្មផលនាំចេញរបស់ខ្លួន។

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ទីក្រុងសេអ៊ូលគ្រោងនឹងបើកកិច្ចពិភាក្សាជាសាធារណៈស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃសុក្រ ដោយអញ្ជើញអ្នកជំនាញ ដែលពាក់ព័ន្ធចាំបាច់នៅក្នុងច្បាប់ក្នុងស្រុក មុនពេលស្វែងរកសន្ធិសញ្ញាពាណិជ្ជកម្ម។
កាលពីខែវិច្ឆិកា ប្រទេសអាស៊ីទាំងពីរ បានចាប់ផ្តើមសិក្សាលទ្ធភាពរួមគ្នាស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏មានសក្តានុពលមួយ ស្របតាមកិច្ចប្រជុំកំពូលរបស់កូរ៉េខាងត្បូងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
កូរ៉េខាងត្បូង និងកម្ពុជាបានបញ្ចប់ការសិក្សាកាលពីខែមុន ហើយបានយល់ព្រមចាប់ផ្តើមនីតិវិធីក្នុងស្រុក ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សាផ្លូវការ។
ការនាំចេញរបស់កូរ៉េខាងត្បូង មកកម្ពុជាមានតម្លៃ៦៩៦លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ កើនឡើង៥.៥ ភាគរយបើធៀបនឹងឆ្នាំ២០១៨ ។ ការនាំចូលរបស់ខ្លួនពីកម្ពុជាបានឡើងដល់៣៣៥លានដុល្លារ កើនឡើង៦,៨ភាគរយធៀបនឹងឆ្នាំមុន។
ប្រទេសកូរ៉េខាងត្បូង បានដឹកជញ្ជូនសម្ភារៈវាយនភណ្ឌជាចម្បង ហើយបានប្រើឡានដឹកទំនិញមកប្រទេសកម្ពុជា និងបាននាំចូលទំនិញសម្លៀកបំពាក់ពីកម្ពុជា។
ក្រសួងខាងលើរបស់កូរ៉េខាងត្បូង បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសកម្ពុជា គឺជាដៃគូពាណិជ្ជកម្មដ៏ទាក់ទាញមួយ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានប្រកាសកំនើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល៧ភាគរយ ចាប់តាំងពីឆ្នាំ២០១១ មក។
ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីមួយជាមួយអាស៊ាន ប៉ុន្តែខ្លួនកំពុងព្យាយាមធ្វើកិច្ចព្រមព្រៀង ជាមួយនឹងប្រទេសអាស៊ាននីមួយៗ ក៏ដូចជាពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន ជាមួយតំបន់អាស៊ីអាគ្នេយ៍ និងបន្ធូរបន្ថយភាពអាស្រ័យពាណិជ្ជកម្មរបស់ខ្លួនលើសហរដ្ឋអាមេរិក និងចិន។
កិច្ចខិតខំប្រឹងប្រែងបែបនេះ កាន់តែមានសារៈសំខាន់នាពេលថ្មីៗនេះ នៅពេលទំនាក់ទំនងរវាងសេដ្ឋកិច្ចធំបំផុតទាំងពីរ របស់ពិភពលោកនាពេលថ្មីៗនេះ ត្រូវបានរំខានដល់ពាណិជ្ជកម្ម និងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១។ ប្រទេសចិន និងសហរដ្ឋអាមេរិកមានចំនួនជិត ៤០ភាគរយ នៃការនាំចេញរួមគ្នារបស់កូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៩ ។
នៅក្នុងខែមករា ទីក្រុងសេអ៊ូល និងទីក្រុងម៉ានីល បានធ្វើកិច្ចចរចាផ្លូវការលើកទី៥ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ពួកគេ។ កិច្ចពិភាក្សាជាមួយម៉ាឡេស៊ីក៏កំពុងដំណើរការផងដែរ។

ទីក្រុងសេអ៊ូលមានគោលបំណងបញ្ចប់ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលគ្របដណ្តប់លើសមាជិកអាស៊ាននៅចុងឆ្នាំនេះ។
អាស៊ានរួមមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ សឹង្ហបូរី និងវៀតណាម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងចាក់គ្រឹះសម្រាប់ប្រទេសកូរ៉េខាងត្បូង ដើម្បីគេចផុតពីវិបត្តិសេដ្ឋកិច្ចសកល។
ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងរយៈពេល៣ខែជាប់គ្នា ក្នុងខែឧសភា ដោយធ្លាក់ចុះ២៣,៧ភាគរយ ដោយសារតែកំណើនសេដ្ឋកិច្ច បណ្តាលមកពីជំងឺរាតត្បាតសកល ដែលបានរំខានដល់សង្វាក់ផ្គត់ផ្គង់ពិភពលោក៕






