ដោយ ប៊ី
ភ្នំពេញៈ ប្រទេសកូរ៉េខាងត្បូង កំពុងព្យាយាមបើកកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយកម្ពុជានៅខែក្រោយដោយសង្ឃឹមថា នឹងបង្កើនឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទកន្លងមកនេះ។
ការប្រកាសនេះធ្វើឡើង នៅពេលដែលប្រទេសកូរ៉េបាន និងកំពុងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពេលមានការព្យាករណ៍របស់អ្នកជំនាញថា ការជំងឺរាតត្បាតថ្មីនេះ ទំនងជានឹងជំរុញឱ្យមានការគាំពារនិយមនៃពាណិជ្ជកម្ម ស្របជាមួយនឹងការធ្វើពិពិធកម្ម នៃបណ្តាញផ្គត់ផ្គង់សកលពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍។
ប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកូរ៉េ។ ការនាំចេញរបស់ខ្លួនមកកម្ពុជា មានទំហំទឹកប្រាក់៦៩៦លានដុល្លារ កាលពីឆ្នាំមុនកើនឡើង៥,៥ភាគរយ ខណៈការនាំចូលពីកម្ពុជាកើន៦,៨ភាគរយ។ វាយនភ័ណ្ឌ និងសម្លៀកបំពាក់គឺផលិតផលសំខាន់ៗសម្រាប់ការផា្លស់ប្តូរពាណិជ្ជកម្ម។
លោក Hong Nam-ki ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ចាប់តាំងពីការស្នើសុំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយកម្ពុជាត្រូវបានលើកឡើងនៅក្នុងខែមីនាឆ្នាំមុន ដែលជាផ្នែកមួយនៃគោលនយោបាយថ្មី ភាគខាងត្បូងរបស់រដ្ឋាភិបាល ការសិក្សារួមគ្នា ត្រូវបានបញ្ចប់នៅចុងខែឧសភានិងការពិភាក្សាសាធារណៈពាក់ព័ន្ធត្រូវបានបញ្ចប់នៅថ្ងៃទី១២ ខែមិថុនា។
លោកបានបន្ថែមថា “ផ្អែកលើបញ្ហានេះ រដ្ឋាភិបាលគ្រោងនឹងបញ្ចប់ដំណើរការនេះ រួមទាំងការដាក់របាយការណ៍ទៅរដ្ឋសភា និងបើកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅខែកក្កដា”។
លោកHong ក៏បានប្តេជ្ញាធ្វើសេចក្តីប្រកាសលម្អិតស្តីពី វិធានការណ៍របស់រដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការជាសកល អំឡុងពេលវិបត្តិសេដ្ឋកិច្ចនៅខែក្រោយ ដែលរួមមានការផ្តល់ជំនួយមនុស្សធម៌ ដែលមានតម្លៃ១០០លានដុល្លារ និងទឹកប្រាក់ជាង៤០០លានដុល្លារ សម្រាប់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ធនាគារអភិវឌ្ឍន៍ពហុភាគី។
ថ្មីៗនេះរដ្ឋាភិបាលកូរ៉េបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាដែលជាដៃគូពាណិជ្ជកម្មដែលរកចំណូលបានច្រើន និងជាសមាជិកអាស៊ាន បានប្រកាសកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ៧ភាគរយចាប់តាំងពីឆ្នាំ២០១១មក។
ខណៈពេលដែលប្រទេសកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ជាមួយអាស៊ាន ខ្លួនបាននិងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងគ្នា ជាមួយប្រទេសជាសមាជិកនីមួយៗ។
ការនាំចេញរបស់កូរ៉េបានធ្លាក់ចុះ ក្នុងរយៈពេលបីខែជាប់គ្នា ក្នុងខែឧសភា ដែលធ្លាក់ចុះ២៣,៧ភាគរយ បណ្តាលមកពីការរីករាលដាលជំងឺCOVID-19៕






