កិច្ចចរចាពាណិជ្ជកម្មសេរី កម្ពុជា -ចិន នឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ

0

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ កិច្ចចរចាពាណិជ្ជកម្មសេរី កម្ពុជា – ចិន គ្រោងនឹងបញ្ចប់នៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ 

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដឹកនាំដោយសហប្រធាន លោកឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហោ ណាំហុង និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសាធារណរដ្ឋប្រជាមានិតចិន។ 

ក្នុងកិច្ចប្រជុំភាគីទាំង២បានឯកភាពគ្នារៀបចំពិព័រណ៌ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនាពេលវេលាសមស្រប និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា និងអនុវត្តគម្រោងសហប្រតិបត្តិការក្នុងផែនការអភិវឌ្ឍវិស័យកសិកម្ម ការពារបរិស្ថាន និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ល។

ភាគីទាំង២ នឹងពន្លឿនការអនុវត្តពិធីសារ ស្ដីពីការនាំចេញស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលបានចុះហត្ថលេខាថ្មីៗនេះ និងសកម្មពង្រីកការនាំចេញ ចេក ដំឡូងមី និងផលិតផលកសិកម្មកម្ពុជាដែលមានគុណភាពផ្សេងទៀត។ ភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ព្រមទាំងសុខភាពសាធារណៈ ដោយចែករម្លែកព័ត៌មានស្ដីពីការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំង និងឱសថ។ ភាគីទាំង២ ឯកភាពគ្នាបង្កើតយន្តការផ្លាស់ប្ដូរមន្ត្រីបន្ទាន់ និងបង្កើតច្រកបៃតងសម្រាប់ទំនិញ ដែលនឹងត្រូវពិភាក្សាបញ្ចប់បន្តទៀត ដើម្បីរក្សាស្ថេរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់ឧស្សាហកម្ម។ ភាគីទាំង២ សន្យារួមគ្នាជំរុញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ រួមទាំងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពហុបំណង និងគម្រោងវិនិយោគធំៗជាច្រើនទៀត។

ទន្ទឹមនេះ ភាគីទាំង២ ឯកភាពគ្នាចរចាលើផែនការអនុវត្តថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ វប្បធម៌ និងកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រទេសទាំងពីរ នឹងជំរុញទេសចរជាច្រើនទៀត ឱ្យទៅទស្សនាទៅវិញទៅមក និងពិនិត្យលទ្ធភាពបង្កើតឱ្យមាន one-way និង close-loop chartered planes សម្រាប់ភ្ញៀវទេសចរប្រសិនបើលក្ខខណ្ឌតម្រូវនានា ត្រូវបានអនុញ្ញាត ដើម្បីជំរុញការរស់ឡើងវិញ នៃឧស្សាហកម្មទេសចរណ៍។ 

ជាមួយគ្នានេះដែរ ភាគីទាំង២ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការសុខភាពកងទ័ព និងបន្តកិច្ចសហប្រតិបត្តិការលើគម្រោងសំខាន់ៗ ដូចជាសមយុទ្ធយោធារួមគ្នា និងការអភិវឌ្ឍ បណ្ឌិតសភាយោធាជាដើម។ល។ ភាគីទាំង២ គួរតែផ្តល់តួនាទីពេញលេញដល់កិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា-ចិន និងដំណើរការនៃការិយាល័យសម្របសម្រួល ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជា បទល្មើសលេងល្បែងស៊ីសង តាមអនឡាញ និងបទល្មើសឆបោក តាមមធ្យោបាយទូរគមនាគមន៍ ព្រមទាំងបន្តលំអានល្អសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។

ភាគីចិនក៏បានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។ ប្រទេសចិន នឹងធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជា និងប្រទសសមាជិកអាស៊ានផ្សេងទៀត ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង (Declaration of the Conduct of Parties in the South China Sea) ប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ និងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (Code of Conduct in the South China Sea-COC) ដើម្បីឈានដល់ការព្រមព្រៀងជាឯកច្ឆ័ន្ទ តាមរយៈការពិគ្រោះយោបល់។

កម្ពុជា – ចិន ក៏បានឯកភាពគ្នាបន្តកិច្ចសម្របសម្រួលក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងក្របខ័ណ្ឌអង្គការសហប្រជាជាតិជាដើម។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ គាំទ្រការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន បូកចិន ជប៉ុន និងកូរ៉េខាងត្បូង តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីការប្រយុទ្ធនឹងជំងឺរាតត្បាត នាពេលឆាប់ៗខាងមុខនេះ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ក្នុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here