ដោយ ៖ វុត្ថា
បាត់ដំបង ៖ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ការសាងសង់ស្ពានថ្មថ្មី ទន្ទឹមស្ពានថ្មចាស់ ទល់មុខអគារសាលាខេត្តបាត់ដំបង ដែលបានកំពុងដំណើរការសាងសង់បានប្រមាណ ៨០ភាគរយ ហើយគ្រោងនឹងបញ្ចប់រយៈពេល ២ខែទៀត គឺនៅក្នុងអំឡុងខែសីហា នេះផងដែរ ប្រសិនបើអាកាសធាតុមានអំណោយផលល្អ។
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅក្នុងដំណើរចុះពិនិត្យការសាងសង់ស្ពាននេះកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ បានពិនិត្យអំពីលក្ខណៈបច្ចេកទេស និងពិនិត្យរៀបចំគ្រោងស្ថាបនាផ្លូវផ្នែកខាងលិចនៃស្ពាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកជូនបងប្អូនប្រជាពលរដ្ឋ នៅពេលបញ្ចប់ការសាងសង់ស្ពាននេះរួចរាល់ផងដែរ។
លោកបន្តថា ការស្ថាបនាសាងសង់ស្ពានថ្មថ្មី ទន្ទឹមគ្នាជាមួយ និងស្ពានថ្មចាស់ ដែលមានប្រវត្តិសាស្ត្របន្សល់ទុកពីសម័យអាណានិគមនិយមបារាំង មានចំណាស់អាយុកាល ជាង ១០០ឆ្នាំមកនេះ គឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង០៦ម៉ែត្រនៃស្ពានថ្មចាស់ ត្រូវបានប្រារព្វនូវពិធីក្រុងពាលីបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះដោយកងកម្លាំងវិស្វកម្ម។
ស្ពានថ្មថ្មី ដែលសាងសង់ទន្ទឹមស្ពានថ្មចាស់នេះ មានរចនាបថដូចគ្នាទៅ និងស្ពានថ្មចាស់ ដែលបណ្តោយប្រវែង ១០០ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅខែសីហា ឆាប់នេះផងដែរ៕






