ដោយវុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបង្ហាញសុទ្ធិដ្ឋិនិយមខ្ពស់ ចំពោះការនាំចេញនូវផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់បណ្តាប្រទេសជាច្រើនបន្ថែមទៀត ជាពិសេសទៅកាន់ប្រទេសចិន និងប្រទេសកូរ៉េ បន្ទាប់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសទាំងនេះ ។

លោក ងិន ឆាយ ប្រតិភរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី « សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ »នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ផលិផលកសិកម្មរបស់កម្ពុជានាពេលនេះ មានការរីកចម្រើនយ៉ាងខ្លាំង និងមានសក្តានុពលខ្ពស់ ដែលជំរុញឱ្យមានការនាំចេញកាន់តែច្រើន ។
លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានា ជាពិសេសប្រទេសចិន និងកូរ៉េជាដើម ខ្ញុំសង្ឃឹមនោះគឺនឹងមានការពិនិត្យ វាយតម្លៃ ក្នុងការនាំចេញកសិផលរបស់កម្ពុជាកាន់តែលឿនគឺមិនមានការចំណាយពេលយូក្នុងការចចារនាំផលិតផលកសិកម្មរបស់កម្ពុជាដូចពីអតិកាលនោះទេ” ។
លោកបញ្ជាក់ទៀថា “នៅពេលដែលយើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េ និងចិនមានកត្តាចំនួន ៣ គឺពាណិជ្ជកម្មសេរីនេះ លក្ខខណ្ឌមួយចំនួនត្រូវបានបន្ធូបន្ថយ ហើយការចចារវិញ គឺដោយផ្ទាល់ដោយផ្តោតលើទ្វេភាគី ក្នុងល្បឿនលឿនជាងមុន ទី ២ សមត្ថភាពរបស់មន្ត្រី និងកសិករមានការរីកចំរើនជាងមុន និងទី ៣ កម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្នមានសត្ថភាព ស្មើមុខស្មើមាត់ជាមួយប្រទេសបណ្តាប្រទេសនានា”។
លោកបន្តថា “ចំណុចទាំងនេះហើយ ដែលជំរុញឱ្យមានការចចារ និងការវាយតម្លៃលើផលិតផលកសិកម្មរបស់យើង មានភាពរលូនជាងមុនដែរ ហើយខ្ញុំសង្ឃឹមថា ការចចារ នឹងលឿនជាងមុន ហើយកសិផលកាន់តែច្រើនមុខនឹងឈានជើងចូលទីផ្សាររបស់ប្រទេសចិន និងកូរ៉េ “។

លោកបញ្ជាក់នាពេលបច្ចុប្បន្ននេះ កម្ពុជាមានផលិតផលកសិកម្មដែលអទិភាព គឺស្រូវ ពោតក្រហម ដំឡូងមី ចេញអំបូងលឿង ដំណាំស្វាយ មានប៉ៃលិន ស្រកានាគ ទឹកមាត់ត្រចៀកកាំ ហើយបច្ចុប្បន្នមានក្រុមហ៊ុនស្នើសុំឱ្យនាំធុរេនថែមទៀតផងដែរក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ។
លោកបានបង្ហាញថា នៅក្នុងឆ្នាំ ២០១៩ កន្លងមកនេះ កម្ពុជាមានផ្ទៃដីដាំដុះផលិតផលកសិកម្ម ប្រមាណ ៤,៨៧ លានហិកតា និងផលិកម្មសរុបមានចំនួន ៣,២២ លានតោន ហើយបើគិតជាទឹកប្រាក់វិញមានចំនួនរាប់ពាន់លានពីចំណូលកសិកម្ម ៕






