ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រគល់វិញ្ញាបនបត្រផែនការមេសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដល់ក្រុមហ៊ុន Angkor International Airport Investment ដើម្បីជំរុញឱ្យមានការបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរតាមផែនការនៅឆ្នាំ២០២៣។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងពិធីប្រគលវិញ្ញាបនបត្រផែនការមេ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ នេះបានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនបានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដោយចាប់អនុវត្តតាំងពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។
លោកបន្តថា “ចំពោះដំណើរការសាងសង់ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន”។
ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ៩០០លានដុល្លារ ដែលសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតាទៀត។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ជាគម្រោងដ៏សំខាន់ ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំង២ កម្ពុជា-ចិន ក្នុងគោលនយោបាយ (ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ ) ហើយនៅថ្ងៃទី១៣ តុលា ឆ្នាំ២០១៦ ក្រុមហ៊ុន Yuntouគ្រុប និងទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះហត្ថលេខាព្រមព្រៀង លើកិច្ចសន្យាវិនិយោគតាមបែប BOT ស្តីពីគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីងពីង នៃសាធារណរដ្ឋប្រជាមានិតចិន៕






