កម្ពុជាជំរុញប្រទេសដៃគូគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ទាំង ២៦ គាំទ្រតួនាទីរបស់ WHO

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញដល់ប្រទេសទាំង២៦ ដែលជាដៃគូសហប្រតិបត្តិការ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គាំទ្រតួនាទីរបស់អង្គការសុខភាពពិភពលោក (WHO) ខណៈដែលវិស័យសុខាភិបាល កំពុងរងការវាយប្រហារយ៉ាងខ្លាំង អំឡុងពេលមានវិបត្តិនៃជំងឺ Covid-19។

ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺ Covid-19 តាមរយៈប្រព័ន្ធវីដេអូ ក្រោមការផ្តួចផ្តើម ដោយសាធារណរដ្ឋប្រជាមានិតចិន និងដឹកនាំដោយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ទីប្រឹក្សារដ្ឋ ដោយមានរដ្ឋមន្រ្តីមកពី២៦ប្រទេសចូលរួម។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដោយបានស្រង់សម្តីរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថា ៖ “ ក្នុងបរិបទបច្ចុប្បន្ន ដែលពហុភាគីនិយមនៃវិស័យសុខាភិបាលកំពុងរងការវាយប្រហារ យើងគួរតែបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកយើង ក្នុងការគាំទ្រដល់តួនាទី របស់អង្គការសុខភាពពិភពលោក។ អង្គការសុខភាពពិភពលោក ត្រូវតែទទួលបាននូវមធ្យោបាយគ្រប់គ្រាន់ ដើម្បីអាចបំពេញបេសកកម្មជាធម្មតារបស់ខ្លួន បានកាន់តែប្រសើរឡើង”។

នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ទៀតថា ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះ «វិថីសូត្រសុខភាព» ព្រមទាំងបានសង្កត់ធ្ងន់លើចំណុចមួយចំនួន រួមមានដូចខាងក្រោម ៖

– ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិទេ យើងមិនអាចឈ្នះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះទេ។ ការធ្វើនយោបាយណាមួយ ទៅលើការផ្ទុះឡើងនៃជំងឺរាតត្បាត ឬការលេងល្បែងស្តីបន្ទោសដាក់គ្នា គឺបានត្រឹមតែកាត់បន្ថយនូវកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំង នឹងជំងឺរាតត្បាតសកលនេះ តែប៉ុណ្ណោះ។

– យើងចាំបាច់ត្រូវផ្តោតលើការពង្រឹងសមត្ថភាពរួមរបស់ពួកយើង ដើម្បីដោះស្រាយវិបត្តិសុខភាពសាធារណៈនេះ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងជំនាញបច្ចេកទេស ការចែករំលែក ឧត្តម្មានុវត្តន៍ ហើយនឹងរិះរកការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា លើថ្នាំព្យាបាល និងវ៉ាក់សាំង។

– ខណៈដែលស្ថានភាពជំងឺ Covid-19 កំពុងធូរស្រាលនៅតាមប្រទេសមួយចំនួននៅលើពិភពលោក វេលានេះជាពេលត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវមធ្យោបាយ ដើម្បីបង្កើតបរិយាកាស អំណោយផលសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកន្លងផុត។

– ទីផ្សារដែលកំពុងរីកចម្រើននិងប្រទេសកំពុងអភិវឌ្ឍ មានសារៈសំខាន់ជាអ្នកផ្គត់ផ្គង់ផង និងជាទីផ្សារផង។ ការធានាបាននូវការតភ្ជាប់ដែលគ្មានរបាំងក្នុងចំណោមយើងទាំងអស់គ្នា នឹងជួយពង្រឹងសេដ្ឋកិច្ចរបស់យើង។

– ក្នុងនាមជាប្រទេសដែលមានជំនឿមុតមាំលើពហុភាគីនិយម និងជាតួអង្គសកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ កម្ពុជាសូមអំពាវនាវឱ្យមានការចូលរួមកាន់តែស៉ីជម្រៅបន្ថែមទៀត ពីសំណាក់តួអង្គរដ្ឋ និងមិនមែនរដ្ឋទាំងអស់ នៅក្នុងបណ្តាកម្មវិធីទាំងឡាយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ដែលបានបង្កើតឡើងជាពិសេស ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here