ដោយ ៖ វុត្ថា
ភ្នំពេញ ៖ មន្ត្រីជំនាញបានអះអាងថា ចាប់តាំងពីមានការផ្ទុះឡើងនូវវិបត្តិជំងឺ Covid-19 កន្លងមកនេះ រដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញឱ្យមានការធ្វើពិពិធកម្មវិស័យវាយនភណ្ឌកាត់ដេរ ដើម្បីឆ្លើតបទៅនឹងការផ្គត់ផ្គង់ និងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ខណៈវិស័យមួយនេះ បាននឹងកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។

លោក គួច សុមាន អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ នេះថា កម្ពុជាបាននាំចេញនូវផលិតផលសម្លៀកបំពាក់ជាច្រើន ដែលមានការកើនឡើងប្រមាណ ៦០ភាគរយ កាលពីឆ្នាំ ២០១៩កន្លងមកនេះ តែមកពេលនេះបានធ្លាក់ចុះមកត្រឹ៥០ ភាគរយ ដែលក្នុងនោះរួមមានដូចជា ផលិតផលកាបូប ខ្សែក្រវ៉ាត់ និងសម្ភារៈពេទ្យសម្រាប់ធ្វើការនាំចេញ។
លោកបន្តថា “នេះ គឺជាការធ្វើពិធិធកម្មរបស់កម្ពុជា ដែលកន្លងមកនេះ យើងធ្វើពិពិធកម្មពីវិស័យមួយទៅវិស័យមួយទៀត តែតាមស្ថានភាពជាក់ស្តែងយើងបាននឹងកំពុងធ្វើពិពិធកម្មជាបណ្តើរៗតាមរយៈការធ្វើពិពិធកម្មលើវិស័យស្រដៀងគ្នាដែលស្ថិតនៅក្នុងរោងចក្រកាត់ដេរ យើងអាចធ្វើបាន ដោយបានផ្អាកផលិតផ្នែកផលិតផលដេរសម្លៀកបំពាក់ មកផលិតកាបូប និងដេរស្បែកជើងដោយទទួលបានតម្លៃខ្ពស់ជាងសម្លៀកបំពាក់ធម្មតា”។
លោកបន្ថែមថា “ជាមួយគ្នានេះ យើងក៏បានឃើញមានការនាំចេញនូវផលិតផលសម្ភារៈអគ្គិសនី បរិក្ខាប្រើប្រាស់ សម្ភារៈរថយន្ត កង់ និង សម្ភារៈពេទ្យមានការរីកចំរើន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដាក់ចេញនូវការអភិវឌ្ឍវិស័យឧស្សាហកម្ម”។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងដែរថា ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃការនាំចេញ នៅក្នុងអំឡុងពេលនៃវិបត្តិ ជំងឺ Covid-19 នេះ ក្រសួងពាណិជ្ជកម្មតែងតែគាំទ្រចំពោះការធ្វើពិពិធកម្ម ដែលធ្វើឱ្យប្រទេសកម្ពុជាមានមូលដ្ឋានផលិតឱ្យបានកាន់ច្រើនសម្រាប់ធ្វើការនាំចេញ។
លោកបន្តថា “នៅក្នុងគោលនយោបាយជាយុទ្ធសាស្ត្ររបស់ក្រសួងពាណិជ្ជកម្ម បានធ្វើការគាំទ្រលើការធ្វើពិពិធកម្មវិស័យរោងចក្រកាត់ដេរ និងកសិកម្ម ក្នុងការបង្កើនតម្លៃផលិតផលកសិកម្មក្នុងការនាំចញេ ។ យើងនាំចេញនូវផលិតផលកសិកម្មដែលមានគុណភាព សម្រាប់ទីផ្សារអន្តរជាតិ”។
លោក គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងដែរថា វិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យវិស័យកាត់ដេរបានកំពុងនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង តាមរយៈការនាំចេញ។ ជាមួយគា្ននេះ កម្ពុជាបានដំណើរការផលិកម្មវិស័យកាត់ដេរនេះអស់ជាច្រើនឆ្នាំមកហើយ ដូច្នេះ កម្ពុជាគួរតែដូរចង្វាក់ផលិតកម្មទាំងឡាយដែលអាចបង្កើនតម្លៃបន្ថែមសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស។
លោកបន្តថា “បច្ចុប្បន្ន យើងលក់តែកម្លាំងលើវិស័យកាត់ដេរទេ យើងអត់មានគំនិតក្នុងការបង្កើតថ្មី ឬច្នៃមូដអីក៏អត់មានដែរ ហើយអ្វីទាំងអស់នេះ យើងត្រូវតែប្តូរចង្វាក់ផលិតកម្មប្រកបដោយវិជ្ជាជីវៈ និងការចូលរួមពីកម្មករ ការិនីជាដើម។ ជាមួយគ្នានេះកម្ពុជា គួរតែសម្រួលដល់តម្លៃនៃការដឹកជញ្ជូនឱ្យនៅទាប ដើម្បីជំរុញឱ្យការនាំចេញនេះមានការប្រកួតប្រជែង និងឧត្តមភាពបាន”។
លោកបន្ថែមថា “ដោយសារបញ្ហាលំហូទុនមកពីក្រៅប្រទេសមានការថយចុះខ្លាំងជាងពាក់កណ្តាល ហើយអ្វីដែលកម្ពុជាគួរតែធ្វើ គឺជំរុញឱ្យមានកាប្រើប្រាស់នៅក្នុងស្រុកឱ្យបានច្រើន ខណៈដែលកម្ពុជាមិនមានការឆ្លងនូវជំងឺ Covid-19 នៅតាមសហគម និងមានការទប់ស្កាត់បានយ៉ាងល្អនៅតាមច្រកចេញចូលព្រំដែន និងព្រលានយន្តហោះ” ។
លោកបន្តថា “ការប្រើប្រាស់ក្នុងស្រុក និងការជំរុញឱ្យមានការផលិតនៅក្នុងស្រុកឱ្យច្រើនឡើងវិញ ជាកត្តាយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានសេដ្ឋកិច្ចមានស្ថេរភាពឡើងវិញ”៕






