ដោយ ៖ វុត្ថា
ភ្នំពេញ ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ជំរុញដល់កម្ពុជាត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ដើម្បីប្រែក្លាយខ្លួនពីប្រទេសនាំចូលផលិតផលពីបរទេស ទៅជាប្រទេសអ្នកផលិតវិញ ដើម្បីពង្រឹងសេដ្ឋកិច្ចរឹងមាំយូរអង្វែង។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចក្រោយ Covid-19 បញ្ចប់? កាលពីម្សិលមិញនេះ បានឱ្យពន្យល់ថា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសអ្នកផលិតទៅថ្ងៃអនាគត កម្ពុជាត្រូវតែខិតខំកែច្នៃផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ននេះថែមទៀត។
លោកបណ្ឌិតបន្តថា “បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសក្តានុពលក្នុងវិស័យកសិកម្ម ជាពិសេសគឺស្រូវ ប៉ុន្តែកម្ពុជាពុំទាន់បានកែច្នៃស្រូវឱ្យទៅជាផលិតផលផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារនៅលើពិភពលោកនោះទេ។ លោកបបន្ថែមថា ប្រសិនបើកម្ពុជាអាចកែច្នៃស្រូវឱ្យទៅជាអាហារ ឬផលិតផលផ្សេងៗបាន១០ ទៅ២០មុខ កម្ពុជានឹងក្លាយប្រទេសអ្នកផលិត មានទីផ្សារច្រើន និងបង្កើនចំនួនពលកម្មការងារនៅក្នុងប្រទេស”។
លោកបណ្ឌិតថា “កម្ពុជាបាននាំចូលពីប្រទេសវៀតណាម ខណៈកម្ពុជាក៏អាចផលិតបន្លែទាំងនោះបានដូចគ្នា ដូចនេះលោកបណ្ឌិតសភាចារ្យបានជំរុញឱ្យមានកែច្នៃកសិកម្មរបស់ខ្លួនឱ្យទៅជាកសិទេសចរណ៍ ដើម្បីឱ្យកម្ពុជាខ្លាំង និងក្លាយទៅជាប្រទេសអ្នកផលិត”។
លោកបណ្ឌិត សុខ ទូច បានបង្ហាញ៤ចំណុចដែលកម្ពុជាត្រូវធ្វើក្រោយវិបត្តិជំងឺ Covid-19 ត្រូវបានបិទបញ្ចប់រួមមាន ៖ ១. បន្តផ្តោតការយកចិត្តទុកដាក់ និងពង្រឹងមូលដ្ឋានផលិតកម្ម ដូចជា ទឹក ភ្លើង ផ្លូវ ២. កំណែទម្រង់ធនធានមនុស្សចាប់ពីកម្រិតមតេ្តយ្យសិក្សា ដោយតម្រង់ទិសនៃការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើធនធានមនុស្ស និងបច្ចេកវិទ្យាថ្មីៗ (ឧស្សាហកម្ម៤.០)
៣. ធ្វើពិធីកម្មវិស័យសំខាន់ៗដែលជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងសម្រាប់គាំទ្រដល់វិស័យដទៃទៀតដូចជាកសិកម្ម ដើម្បីទេសចរណ៍ កសិកម្មដើម្បីឧស្សាហកម្ម និងកសិកម្មដើម្បីការនាំចេញទៅក្រៅប្រទេស និង៤.បន្តកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលយុវជនដែលជាកម្លាំងស្នូលគ្រប់កម្រិតសិក្សា ជាពិសេសគឺចាប់ពីកម្រិតមតេ្តយ្យសិក្សារហូតដល់មធ្យមសិក្សា។
លោកបណ្ឌិតឯកទេសសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ ឱ្យដឹងដែរថា សេដ្ឋកិច្ចរបស់កម្ពុជា ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺ Covid-19 ជាសកលអាចមានភាពប្រសើរឡើងវិញ ប្រសិនបើកម្ពុជាបានស្តារឡើងវិញនូវវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យទេសចរណ៍ក្នុងស្រុក វិស័យកសិកម្ម និងជំរុញវិស័យសហគ្រាសធុនតូច និងធម្យម (SMEs)។
លោកបណ្ឌិតថា “សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបាន គឺទី១៖ យើងត្រូវស្តារទេសចរណ៍ក្នុងស្រុក, ទី២៖ យើងត្រូវកែច្នៃកសិកម្មរបស់យើង ឲ្យទៅជាកសិកម្មគាំទ្រដល់វិស័យទេសចរណ៍ និងជាផលិតផលសិរីរាង្គ និងទី៣៖ កាត់បន្ថយថ្លៃដើមលើកការដឹកជញ្ជូន និងយកចិត្តទុកដាក់ ទៅលើឧស្សាហកម្មខ្នាតតូច (SMEs) ដែលជាឧស្សាហកម្មដ៏សំខាន់ ធ្វើយ៉ាង ណាឲ្យអាចមានការឱកាសរួមគ្នានាំចេញទៅក្រៅប្រទេសបាន”។
ចំពោះវិស័យទេសចរណ៍ក្នុងស្រុក លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានចាត់ទុកថា ចំនួនភ្ញៀវទេសចរក្នុងស្រុកជាង ១១លាននាក់ គឺជាកូនសោគន្លឹះក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ។ ចំណែកវិស័យកសិកម្មវិញ លោកបណ្ឌិតបានឱ្យយោបល់ថា កម្ពុជាត្រូវតែប្តូរយុទ្ធសាស្ត្រផលិតនូវផលិតផលសិរីរាង្គ ដែលមានតម្រូវការទីផ្សារខ្ពស់ខុសពីប្រទេសនានា ដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍ ព្រមទាំងត្រូវរៀបចំចងក្រងជាសហគមន៍កសិកម្ម និងការពង្រឹងទីផ្សារកសិផល ដើម្បីជំរុញវិស័យកសិកម្ម។
ចំពោះវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលផ្តល់កម្លាំងពលកម្មប្រមាណជាង៧០ភាគរយ នៃវិស័យឧស្សាហកម្ម និងសិប្បកម្ម លោកបណ្ឌិតមើលឃើញថា កម្ពុជាមានចំណុចខ្វះខាតក្នុងវិស័យ SMEs មួយចំនួនដែលត្រូវកែលម្អដោះស្រាយ ក្នុងនោះរួមមាន៖ ខ្វះនូវបញ្ហាបច្ចេកទេស បច្ចេកវិទ្យា និងកម្លាំងពលកម្មជំនាញ ព្រមទាំងសីលធម៌ក្នុងការប្រកួតប្រជែងផងដែរ។
យោងតាមច្បាប់ថវិកាជាតិនៅឆ្នាំ២០២០ ដែលបានអនុម័តមុនពេលកើតមានជំងឺ Covid-19 នេះ កម្ពុជាគ្រោងចំណាយថវិកាជាតិប្រហែលជិត៨ពាន់លានដុល្លារ ប៉ុន្តែការចំណាយជាក់ស្តែងគឺត្រូវបានកាត់បន្ថយប្រហែលពាក់កណ្តាល ខណៈវិបត្តិ បានទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាចំនួន ១.៩ភាគរយ ក្នុងឆ្នាំ២០២០នេះ។ រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងវិញក្នុងអត្រា ៣.៥ភាគរយនៅឆ្នាំ២០២១ ៕






