រដ្ឋមន្ត្រីទេសចរណ៍ប្តេជ្ញាអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ឱ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ

0

ដោយវុត្ថា

សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានប្តេជ្ញានឹងជួយអភិវឌ្ឍន៍សហគមន៍ជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍ គំរូមួយនៅខេត្តសៀមរាប ខណៈសហគមន៍ទេសចរណ៍មួយចំនួននៅក្នុងប្រទេស បានក្លាយជាសហគមន៍គំរូមិនត្រឹមតែថ្នាក់ជាតិទេ តែថ្នាក់តំបន់ និងពិភពលោកពិភពលោកផងដែរ។

លោក ថោង ខុន នៅក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ បានឱ្យដឹងថា កន្លងមកក្នុងក្របខណ្ឌក្រុមការងារអន្តរក្រសួង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ភាគីពាក់ព័ន្ធជួយរៀបចំការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍បានមួយចំនួនបានក្លាយជាសហគមន៍គំរូរួចហើយ។

លោកបន្តថា សហគមន៍ទេសចរណ៍ទាំងនោះមានដូចជា សហគមន៍អេកូទេស​ចរណ៍ជីផាត ស្ថិតនៅឃុំជីផាត ឆាយអារ៉ែង ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង និងសហគមន៍ទេសចរណ៍កោះទ្រង់ខេត្តក្រចេះ សហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងខេត្តសៀមរាម សហគមន៍ទេសចរណ៍ បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ សហគមន៍អេកូទេសចរណ៍ម្លប់បៃតង ខេត្តកំពង់ស្ពី។

លោករដ្ឋមន្ត្រីបន្តថា “សម្រាប់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ គឺពិតជាមោទនភាពធំណាស់ សម្រាប់ស្រុកសូទ្រនិគម ក៏ដូចខេត្តសៀមរាប និងប្រទេសជាតិ”។ លោកបន្តថា “គេធ្លាប់តែឮព្រៃកោងកាងសមុទ្រ តែនេះនៅខេត្តសៀមរាបក៏មានដើមកោងកាងបានដុះជាច្រើនជិត១០០ហិកតា ហើយត្រូវបានសហគមន៍ព្រៃឈើក្រោមការយកចិត្តទុកដាក់ណែនាំពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថែរក្សាបានយ៉ាងល្អដែលនេះ ជាផលិតផលទេសចរណ៍ទោលមួយទៀត សម្រាប់ទឹកដីយើង ប្រទេសជាតិយើងដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន នៅតំន់បន់សៀមរាបអង្គរនេះ”។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀតថា “ការបញ្ចូលសម្មភាពទេសចរណ៍មួយប្រកបដោយការទទួលខុសត្រូវ អាចនឹងជួយរកចំណូលបន្ថែម ឱ្យប្រជាពលរដ្ឋសហគមន៍បានយ៉ាងច្រើន ប្រសិនបើប្រជាសហគមន៍ចេះថែរក្សាឱ្យបានគង់វង្ស និងរួមគ្នាទាញយកផលប្រយោជន៍ពីព្រៃឈើទាំងអស់នោះ តាមរយៈការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ពិសេសវិធានសុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថានស្អាតក្នុងបរិបទនៃដំណាក់កាល Covid -19 នេះ។

លោកបន្ថែមទៀតថា បញ្ហាប្រឈមរបស់សហគមន៍អេកូទេសចរណ៍ ទឹកជប់ខ្នាពោធិ៍នេះ ដូចមានការលំបាកខ្លាំងទៅលើបញ្ហាផ្លូវ ចូលទៅសហគមន៍ សេវាទូរស័ព្ទ អ៊ិនធើណែត អគ្គិសនីប្រើប្រាស់ បញ្ហាសំរាមជាដើម។ លោកសន្យានឹងជួយស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហានេះផងដែរ។ ដោយឡែកសម្រាប់កំណាត់ផ្លូវដែលលំបាកខ្លាំងប្រវែង៣គីឡូម៉ែត្រ ក្រសួងទេសចរណ៍នឹងជួយជួសជុលចំពោះមុខសិន។

សហគមន៍អេកូទេសចរណ៍ព្រៃតំបន់ទឹកជប់ខ្នារពោធិ៍ មានព្រំប្រទល់ខាងជើងជាប់នឹងឃុំត្បែង ស្រុកបន្ទាយស្រី ខាងត្បូងឃុំចាន់ស និងខាងលិចជាប់នឹងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខាងកើតជាប់ឃុំពពេល។ ឃុំនេះមានភូមិចំនួន៨ភូមិ ស្ថិតនៅភាគខាងជើងផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ៨គីឡូម៉ែត្រពីផ្លូវជាតិ និងមានចម្ងាយប្រមាណ ៣០

គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។

ព្រៃសហគមន៍តំបន់ទឹកជប់ខ្នារពោធិ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយស្ម័គ្រចិត្ត និងមានការឯកភាពគ្នារបស់ប្រជាជន ក្នុងភូមិទាំងអស់របស់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ព្រៃសហគមន៍នេះមានផ្ទៃដីសរុបប្រមាណ ១,០២២ហិកតា ដែលក្នុងនោះ មានព្រៃកោងកាងភ្នំចំនួនប្រមាណ៩០ហិកតា ដែលមានសក្តានុពលអាចរៀបចំបង្កើតជាកន្លែងទេសចរណ៍ថ្មីមួយដ៏ទាក់ទាញសម្រាប់ខេត្តសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here