តើខេត្តស្ទឹងត្រែងមានសក្តានុវិនិយោគអ្វីខ្លះ?

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយ ៤៥៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើងជាប់ខេត្តចាំប៉ាសាក់ និងខេត្តអត្តពឺ នៃប្រទេសឡាវ ខាងកើតជាប់ខេត្តរតនគិរី ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងលិខជាប់នឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

ខេត្តស្ទឹងត្រែងមានផ្ទៃដី ១២ ០១៦ គីឡូម៉ែត្រការ៉េ ចែកចេញជា ៦ ក្រុង / ស្រុក ៣៤ ឃុំ/សង្កាត់ និង ១២៨ ភូមិ មានស្រុកចំនួន ២ ជាប់ព្រំដែនឡាវ គឺស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយ សែនជ័យ បច្ចុប្បន្នខេត្តមានប្រជាជន ១៥៩.៥៦៥ នាក់ ស្រី ៧៦.៤៧២ នាក់ ស្មើនឹង ៣៤.៦២៧ គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំ ឡើង ៨៥.៣៦៨ នាក់ គិតជាដង់ស៊ីតេ ប្រជាជនស្មើនឹង ១៣នាក់ ក្នុង១ គីឡូម៉ែត្រការ៉េ។

ប្រជាជនភាគច្រើន រស់នៅចិញ្ចឹមជីវភាព ដោយពឹងផ្អែកលើវិស័យកសិកម្ម ដែលមានស្រែ ចម្ការ ដាំដំណាំកសិឧស្សាហកម្ម ដំណាំរួមផ្សំ និងការនេសាទជាដើម។ ក្រៅពីវិស័យកសិកម្ម មានវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម-សិប្បកម្ម សេវាកម្ម និងមន្ត្រីរាជការសាធារណៈដែលជាមូលដ្ឋានក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។

កំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ កើនឡើងពី ១១៥០ ដុល្លារក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ ១៥០០ ដុល្លារក្នុងឆ្នាំ ២០១៩ និងអត្រាភាពក្រីក្រថយចុះពី ២៧ភាគរយ ក្នុងឆ្នាំ ២០១៦ មកត្រឹម ២៤ ភាគរយក្នុងឆ្នាំ ២០១៩។

សក្តានុពលវិនិយោគ

ខេត្តស្ទឹងត្រែងមានផ្ទៃដីធំទូលាយដែលអាចវិនិយោគលើវិស័យកសិឧស្សាហកម្ម និងផលិតផលកសិកម្ម ។ មានទន្លេ ៤ ហូកាត់ គឺទន្លេមេគង្គ ទន្លេកុង ទន្លេសាន និងទន្លេស្រែពក ដែលទន្លេទាំងនេះ ជាប្រភពធនធានធម្មជាតិជាតិសំបូរបែប ប្រភពទឹកប្រើប្រាស់ និងធ្វើកសិកម្ម ជាមូលដ្ឋានតំបន់អេកូទេសចរណ៍ ទីជម្រកសម្រាប់ការពងកូនរបស់ពពួកត្រីមេពូជ ជាតំបន់ផ្តល់ជីវិតនៃប្រព័ន្ធជីវៈចម្រុះទាំងឡាយ និងជាអាងស្តុកនៅធនធានមច្ឆាជាតិដ៏សំខាន់ សម្រាប់រួមចំណែកឆ្លើយតប នឹងបញ្ហាសន្តិសុខស្បៀង ក្នុងនោះ ជាមធ្យមផលនេសាទដែលប្រមូលបានប្រមាណ ៥ ០០០ តោនក្នុងមួយឆ្នាំៗ ។

សណ្ឋានដីខេត្តជាតំបន់ខ្ពង់រាប មានព្រៃភ្នំ ទន្លេស្ទឹង បឹងបួ អូរ និងដីកោះច្រើនកន្លែង ដោយបានកំណត់ជាបណ្តុំនៃប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងមានតំបន់ការពារធម្មជាតិច្រើន រួមានឧទ្យានជាតិវ៉ឺនសៃ-សៀងប៉ាង ឧទ្យានជាតិវីរៈជ័យ តំបន់រ៉ាមសារ ដែនជម្រកសត្វ “ព្រៃឡង់” និងដែនជម្រកសត្វព្រៃសៀមប៉ាង។

ខេត្តមានទំនប់ទំនប់វ៉ារីអគ្គិសនី ១ កន្លែង មានអនុភាព ៤០០ មេហ្គាវ៉ាត់ មានស្ពានឆ្លងកាត់ទន្លេចំនួន ៤កន្លែង និងមានផ្លូវជាតិសម្រាប់បម្រើការធ្វើចរាចរណ៍ភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ប្រាសាទអង្គរវត្ត តំបន់មាត់សមុទ្រ និងទៅកាន់បណ្តាខេត្តផ្សេងៗទៀត ទូទាំងប្រទេស ជាពិសេសខ្សែផ្លូវជាតិឆ្លងកាត់ខេត្តសុទ្ធតែអាចធ្វើដំណើរទៅកាន់បណ្តាប្រទេសជិតខាង មានប្រទេសឡាវ ថៃ វៀតណាម ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here