ដោយ ៖ វុត្ថា
ភ្នំពេញ ៖ កម្ពុជា និងក្រុមហ៊ុនជប៉ុនចំនួន ១០គ្រោងរៀបចំចុះអនុស្សារណ:យោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍លើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និងបច្ចេកទេសពីប្រទេសជប៉ុន។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green Co., Ltd នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងវិនិយោគលើផលិតកម្មបន្លែនេះ គឺស្របពេលដែលអ្នកបរិភោគ កំពុងផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។
លោករដ្ឋមន្ត្រីបន្តថា “ដូច្នេះ ដើម្បីឆ្លើយតប និងបំពេញតម្រូវការនៃបរិបទថ្មីនេះ តម្រូវឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធពីគ្រប់ដៃគូពាក់ព័ន្ធតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។ លោករដ្ឋមន្ត្រីថ្លែងថា ប្រជាជន និងរដ្ឋាភិបាលជប៉ុន តែងតែគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសមកដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ ធ្វើឱ្យមានការរីកចម្រើនគួរជាទីមោទនៈ ហើយក្នុងនោះក៏មានវិស័យកសិកម្មមួយផងដែរ។

លោករដ្ឋមន្ត្រីបន្ថែមថា ជាក់ស្តែង ជំនួយឥតសំណងនៃមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែដែលត្រូវដាក់សម្ពោធឱ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកណ្តាល គឺជាសក្ខីភាពមួយទៀតបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសណ្តានចិត្តដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះកម្ពុជាដែលកំពុងអនុវត្តនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យក្នុងគោលដៅធ្វើទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីផលប្រយោជន៍ប្រជាជនប្រកបដោយសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។
លោកបណ្ឌិត Nabeshima Katsuhito ឱ្យដឹងថា កសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពនៅឡើយតាំងពីចំណុចចាប់ផ្តើម (ដាំដុះ ថែរក្សា ការពារ ប្រមូលផល លាងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន) និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយទាំងអំឡុងពេលដាំដុះ និងប្រមូលផលរហូតដល់លើតុសម្រាប់អ្នកបរិភោគ។

លោកបន្តថា ហេតុផលទាំងអស់នេះ គឺជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានទៅតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។ ឃើញច្បាស់អំពីចំណុខ្វះខាតទាំងអស់នេះ ក្រុមហ៊ុនជប៉ុនចំនួន ៥ ក្នុងចំណោម ១០ រួមមានតំណាក្រុមហ៊ុន IT លើវិស័យផលិតកម្មបន្លែ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្ត ឧបករណ៍ និងសម្ភារបម្រើឱ្យវិស័យផលិតកម្មបន្លែ ក្រុមហ៊ុន Nippon Express (Cold Chain Logistics) ក្រុមហ៊ុនផលិតជី និងក្រុមហ៊ុនគ្រាប់ពូជ និងចែកចាយ បានមកពិភាក្សាការងារជាមួយកម្ពុជាក្នុងការចុះអនុស្សារណៈនាពេលនេះ។
លោកបណ្ឌិតបញ្ជាក់ទៀតថា តាមរយ:តំណាងក្រុមហ៊ុននីមួយៗ បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថានឹងចូលរួមចែករំលែក បទពិសោធន៍ និងបច្ចេកទេសថ្មីៗដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលកសិករកម្ពុជាកំពុងជួបប្រទះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងទិសដៅរួមគ្នាមួយគឺផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។
លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មបង្កើតក្រុមការងាររៀបចំឯកសារ MOU ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមន្ទីរកសិកម្មខេត្តបាត់ដំបង និងខេត្តមណ្ឌលគីរី ត្រូវត្រៀមលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់កិច្ចសហការឱ្យបានពេញលេញជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕






