សម្តេចតេជោ៖ កម្ពុជាមិនដែលប្រកាសបិទសេដ្ឋកិច្ចម្តងណានោះទេ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាមិនដែលប្រកាសបិទសេដ្ឋកិច្ចនៅក្នុងប្រទេសម្តងណានោះទេ ខណៈដែលរដ្ឋបានរឹតបន្តឹងទៅលើវិស័យអប់រំ និង កន្លែងហាត់ប្រាណព្រមទាំងកន្លែងសេវាកម្សាន្តដោយព្រួយបារម្ភពីការឆ្លងក្នុងវិបត្តិជំងឺ Covid-19 ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺ Covid-19 ប្រមាណ៦០ម៉ឺនគ្រួសារនាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា វិស័យសេវាកម្ម ឧស្សាហកម្ម និង កសិកម្មដែលជាវិស័យជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសនៅតែដំណើរការធម្មតា ស្របពេលដែលរដ្ឋបាននឹងកំពុងយកចិត្តទុកដាក់លើវិស័យទាំងនេះ។

សម្តេចតេជោ បានថ្លែងថា “យើងមិនដែលប្រកាសបិទរោងចក្រ យើងក៏មិនដែលប្រកាសបិទទីផ្សារនោះទេ ហើយកាន់តែពិសេសជាងនេះទៅទៀត ភាពប្រទាក់ក្រឡាគ្នា យើងនៅទីនេះ បានបោះទុនជាង ១០០ លានដុល្លារអាមេរិក ត្រូវបានទំលាក់ទៅជនបទដែលបាត់បង់ការងារធ្វើ អាចធ្វើការនៅទីនោះបាន”។

សម្តេចតេជោ បានបន្ថែមថា រាល់ការរដ្ឋានសំណង់ជាពិសេសគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា ពុំមានការផ្អាក់នោះទេ ខណៈ គម្រោងទាំងនេះ បានផ្តល់ឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋយ៉ាងច្រើននៅក្នុងអំឡុងនៃវិបត្តិជំងឺ Covid-19។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “រាល់ការដ្ឋាសំណង់ដូចជានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានស្រូបយកកម្លាំងពលកម្មបច្ចុប្បន្នជាង ១០០០នាក់ និងទៅអនាគតមានជាង ២ ម៉ឺននាក់ និងការដ្ឋាននៅក្នុងខេត្តព្រះសីហនុក៏នៅតែដំណើរការ និងផ្តល់ឱកាសការងារដល់ពលរដ្ឋបានផងដែរ”។

សម្តេចតេជោ បន្ថែមថា “រាលគម្រោងដែលកំពុងសាងសង់ផ្លូវដោយក្រុមហ៊ុនចិន ដូចជាស្ពានឆ្នងទន្លេមេគង្គ និងគម្រោងសាងសង់ផ្លូវដទៃទៀត នៅតែដំណើរការ ហើយមានការងារធ្វើនៅទីនោះបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here