ដោយ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រុមហ៊ុនជប៉ុន ដែលធ្លាប់មានបទពិសោធន៍ និងស្គាល់ពីសក្ដានុពលនៃតំបន់កម្សាន្តគីរីរម្យយ៉ាងច្បាស់ បានបង្ហាញពីគម្រោងរបស់ខ្លួនក្នុងការរៀបចំ និងអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញនៅលើផ្ទៃដីរហូតដល់ទំហំជាង១ម៉ឺនហិកតា។
នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ លោក Bekku Kenzaburo អនុប្រធានក្រុមហ៊ុន A2A Town Cambodia Co,Ltd បានបង្ហាញពីគម្រោងដ៏ធំរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៍បន្ថែមពីលើធនធានដែលមានស្រាប់នៅតំបន់កម្សាន្តគីរីរម្យឱ្យក្លាយជាតំបន់អកូទេសចរណ៍។
លោក Bekku Kenzaburo បានលើកឡើងថា ក្រុមហ៊ុន A2A Town Cambodia Co,Ltd គឺជាក្រុមហ៊ុនជប៉ុនធ្វើការងារក្នុងគម្រោងអភិវឌ្ឍន៍តំបន់គីរីរម្យកម្ពុជា ហៅកាត់ថា “vKirirom” ដែលមានន័យថា គីរីរម្យសម្រាប់គ្រប់គ្នា (Kirirom for Everyone) ដែលរួមបញ្ចូលមានទាំងវិទ្យាស្ថាន មណ្ឌលកំសាន្ត ផ្ទះលំហែរ ជាលក្ខណៈអេកូទេសចរណ៌ ក្នុងទំហំផ្ទៃដី ១ម៉ឺនហិកតា ហ៊ុព័ទ្ធដោយព្រៃស្រល់ និងជើងភ្នំដ៏ស្រស់ត្រកាល នៅក្នុងតំបន់គីរីរម្យខេត្តកំពង់ស្ពឺ ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវមោទនៈភាព និងវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុន A2A Town Cambodia Co,Ltd ដែលបានផ្តល់គុណតម្លៃមិនត្រឹមតែសម្រាប់វិស័យអេកូទេសចរណ៍ប៉ុណ្ណោះទេ តែបានផ្តល់ការគិតគូរដ៏ខ្ពង់ខ្ពស់ទៅលើវិស័យអប់រំបច្ចេកវិទ្យាព័ត៌មាន ដោយផ្តល់អាហារូបករណ៌១០០ភាគរយ ដល់និស្សិតកម្ពុជាតាមរយៈការធ្វើតេស្តប្រលង រួមទាំងនិស្សិតជប៉ុន និងបរទេសមួយចំនួនទៀតផងដែរ។
ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បានបោះទុនវិនិយោគក្នុងទឹកប្រាក់ ៥២១លានដុល្លារ ជាមួយដៃគូវិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ សម្បូរទៅដោយដើមស្រល់ និងមានជ្រោះជ្រលងដងអូរ ហូរធ្លាក់។ គិតចាប់តាំងពីឆ្នាំ២០១៦ រហូតបច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់អាហារូបករណ៍ពេញថ្លៃសិក្សាដល់និស្សិតខ្មែរជាច្រើនរយនាក់ និងបង្កើតការងារជូនប្រជាជននៅមូលដ្ឋានប្រមាណច្រើនជាង៥០០នាក់ផងដែរ៕