កម្ពុជាចុះហត្ថលេខាលើផែនការមេចុងក្រោយនៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានចុះហត្ថលេខាលើផែនការមេសាងសង់ចុងក្រោយ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI)
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ។

នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន បាន និងកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម៉្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។

ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ៩០០លានដុល្លារ ដែល សាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) ជាគម្រោងដ៏សំខាន់ ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំងពីរ កម្ពុជា ចិនក្នុងគោលនយោបាយ (ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ) ដោយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កម្ពុជា បានចុះហត្ថលេខាព្រមព្រៀង លើកិច្ចសន្យាវិនិយោគតាមបែប BOT ស្តីពី គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតី ស៊ី ជីងពីង នៃសាធារណរដ្ឋប្រជាមានិតចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here