ការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សម្រេចបានជិត១០០ភាគរយ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ការដោះស្រាយផលប៉ះពាល់ ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ រហូតមកដល់ពេលនេះសម្រេចបានប្រមាណ៩៨,៥ភាគរយ និងផ្លូវជាតិលេខ២២សម្រេចបាន១០០ភាគរយហើយ។


រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក តូច ចាន់កុសល នៅទីស្ដីការក្រសួងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិនិត្យ និងតាមដានស្ថានភាពទូទៅ និងលទ្ធផលនៃការដោះស្រាយផលប៉ះពាល់ ពាក់ព័ន្ធទៅនឹងគម្រោងខាងលើនេះបានបញ្ជាក់ថា សម្រេចជិត១០០ភាគរយហើយ។

លោកបានលើកឡើងាថា ក្រុមកាងារពាក់ព័ន្ធទាំងអស់បាន និងកំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនឯកជន សហគ្រាស និងអាជីវករនានាដែលប្រកបរបរលើបណ្ដាញទឹកស្អាត បង្គោលអគ្គិសនី ខ្សែកាបិ៍ល អុបទិក ជាដើម ដើម្បីរុះរើ និងប្ដូរទៅទីតាំងថ្មី ក្នុងគោលបំណងបង្កភាពងាយស្រួល ដល់ក្រុមហ៊ុនសាងសង់អនុវត្តគម្រោងរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពបំផុត និងអាចបញ្ចប់គម្រោងតាមការគ្រោងទុក។

ការរុះរើហេដ្ឋារចនាសម្ព័ន្ធនានាទាំងលើដីនិងក្រោមដី ក្នុងនោះរួមមាន៖ បណ្ដាញទឹកស្អាត បង្គោលអគ្គិសនី ខ្សែ កាប្លិ៍អុបទិកជាដើម ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ ព្រមទាំងបានពិភាក្សាស្វែងរកយន្តការ ដោះស្រាយចំណុចដែលសេសសល់ សំដៅឱ្យការសាងសង់មានសន្ទុះទៅមុខកាន់តែលឿនថែមទៀត។


ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ រៀបចំប្រឡាយបង្ហូរទឹកនៅសងខាងផ្លូវដែលកំពុងសាងសង់ឱ្យបានត្រឹមត្រូវ និងសមស្របតាមគម្រោង ដើម្បីជៀសវាងការជន់លិចលង់ភូមិ និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថារដូវភ្លៀងបានមកដល់ហើយ ហើយភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ នៅតាមតំបន់មួយចំនួនផងដែរ។

ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និងអាជីវករដែលកំពុងប្រកបរបរនៅតាមបណ្ដោយផ្លូវជាតិទាំងពីរ ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានសំណងលើផលប៉ះពាល់រួចហើយ សូមអនុវត្តតាមកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាព បំផុតដើម្បីកុំឱ្យមានការរាំងស្ទះដល់ការសាងសង់ ក៏ដូចជាការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here