ដោយ ហ្សូលី
ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF បាននិយាយថា សេដ្ឋកិច្ចពិភពលោកខាតបង់ប្រាក់ចំនួន ១២ទ្រីលានដុល្លារ (១២លានលានដុល្លារ) ពីជំងឺរាតត្បាត Covid-19 បន្ទាប់ពីកាត់បន្ថយការព្យាករណ៍កំណើននៅឆ្នាំ ២០២០ ។
IMF បាននិយាយថា វានឹងចំណាយពេលពីរឆ្នាំ សម្រាប់ទិន្នផលពិភពលោកដើម្បីវិលត្រឡប់មករកកម្រិតដើមវិញដូចនៅចុងឆ្នាំ២០១៩ ហើយបានព្រមានថា រដ្ឋាភិបាលប្រទេសនានាគួរតែប្រុងប្រយ័ត្ន ក្នុងការដកការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សេដ្ឋកិច្ចដែលផុយស្រួយនោះ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពទៅនឹងការព្យាករណ៍ ដែលបានចេញផ្សាយកាលពីខែមេសា IMF ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៤,៩ភាគរយនៅឆ្នាំនេះ បើធៀបនឹងការធ្លាក់ចុះ ៣ភាគរយ ដែលបានរំពឹងកាលពីថ្មីៗនេះ។
អ្នកពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ចរបស់ IMF លោកស្រី Gita Gopinath មានប្រសាសន៍ថា “ ជំងឺរាតត្បាតបានរុញច្រានសេដ្ឋកិច្ចឲ្យធ្លាក់ចូលក្នុងវិបត្តិ ដែលបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចអាក្រក់” ។ លោកស្រីបន្ថែមទៀតថា “វានឹងមានការធ្លាក់ចុះនៃកម្រិតជីវភាពសម្រាប់៩៥%នៃប្រទេសទាំងអស់នៅឆ្នាំនេះ” ។
ការធ្លាក់ចុះជិត៥ភាគរយ នៃទិន្នផលសកលនៅឆ្នាំនេះ នឹងមានកម្រិតទាបជាងការធ្លាក់ចុះ០,១ភាគរយនៅឆ្នាំ២០០៩ បន្ទាប់ពីការធ្លាក់ចុះនៃប្រព័ន្ធធនាគារពិភពលោកនា រដូវស្លឹកឈើជ្រុះមុន។ IMF បានប្រមើលមើលថា ឆ្នាំ២០២០ ជាឆ្នាំអាក្រក់បំផុតសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ចាប់តាំងពីមហាសេដ្ឋកិច្ចធ្លាក់ចុះក្នុងទសវត្សឆ្នាំ១៩៣០ ។
កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា នឹងមានកំនើនដល់ ៥,៤% ក្នុងឆ្នាំ ២០២១ ។
មូលនិធិរូបិយវត្ថុអន្ដរជាតិ បានណែនាំដល់ប្រទេសទាំងអស់ រួមទាំងប្រទេសដែលបានឆ្លងផុតការឆ្លងខ្ពស់ផងដែរ ដើម្បីធានាថាប្រព័ន្ធថែទាំសុខភាពរបស់ពួកគេ ត្រូវបានផ្គត់ផ្គង់គ្រប់គ្រាន់ ហើយបានអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ថា ប្រទេសក្រីក្រគួរទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ និងមានតំលៃសមរម្យ៕ The Guardian