ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកបានចេញដើរកម្សាន្តកើនឡើងខ្ពស់

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ នៅត្រឹមរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ចំនួននៃភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានានៅទូទាំងប្រទេសមានកំណើនរហូតដល់ប្រមាណ ៤៥ម៉ឺននាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីខែឧសភា កន្លងទៅមានការកើនឡើងប្រមាណ ៧.២៤ភាគរយ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលគេហទំព័រ propertyarea.asia នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០នេះ បង្ហាញថា ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។

របាយការណ៍ដដែលបន្តថា ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here