ដោយៈ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៥៦លានដុល្លារដល់កម្ពុជា ដោយផ្តោតលើការអភិវឌ្ឍវិស័យចំនួន៤នៅកម្ពុជា។

ក្នុងចំណោមថវិកាទាំងនោះ មានចំនួន៣៨លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងវិស័យអប់រំ ថវិកា១៨លានដុល្លារ សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានានៅក្នុងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពី ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍ សម្រាប់ឆ្នាំ២០១៩។
លោកជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេរភាគីនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រទេសទាំងពីរ។
លោកW.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលអាមេរិក ប្តេជ្ញាបន្តការគាំទ្ររបស់ខ្លួនចំពោះប្រជាជនកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។

តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ការគាំទ្រនេះនឹងបន្តរួមចំណែកកាត់បន្ថយអត្រាមរណៈភាពមាតា និងទារកដែលមានអាយុក្រោម៥ឆ្នាំ ក៏ដូចជា ផ្តល់ការគាំទ្រលើកម្មវិធីនានា ក្នុងការកាត់បន្ថយ ជំងឺក្រិន និងជំងឺខ្វះគ្រាប់ឈាមក្រហមរបស់កុមារ និងស្ត្រី និងកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃជំងឺអេដស៍ជំងឺរបេង និងជំងឺគ្រុនចាញ់នៅកម្ពុជា។
ចំពោះវិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារ USAID នឹងបន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពការអានរបស់កុមារ កាត់បន្ថយអត្រាបោះបង់ចោលការ សិក្សានៅថ្នាក់វិទ្យាល័យ និងបំពាក់បំប៉នបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការឈានចូលទៅក្នុងទីផ្សារពលកម្ម។ សម្រាប់ភាពជាដៃគួរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារ USAID នឹងផ្តល់ការគាំទ្រលើកម្មវិធីនានាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការផលិតគ្រាប់ពូជសំខាន់ៗ និងអាហារូបត្ថម្ភក្នុងសហគមន៍ជនបទ។
ទន្ទឹមនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន កិច្ចព្រមព្រៀងនេះក៏នឹងគាំទ្រកម្មវិធី បរិស្ថានក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ក៏ដូចជាតំបន់ទេសភាព ដែលទទួលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ និងបានជួយកម្ពុជា សម្រេចបានតាមការប្តេជ្ញាក្នុងក្របខណ្ឌអន្តរជាតិរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាពិសេស ដែលបណ្ដាលមកពីការបាត់បង់ និងរេចរិលព្រៃឈើ។
គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៦ បូករួមទាំងកិច្ចព្រមព្រៀងដែលទើបចុះហត្ថលេខានាថ្ងៃនេះ ភាគី អាមេរិកបានផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ២៥៣លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអាទិភាពទាំង៤។ ការគាំទ្រនេះបានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីលើនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រអង្គការសង្គមស៊ីវិលដែលបានធ្វើការ ផ្តោតលើសិទ្ធិមនុស្ស ការប្រឆាំងការជួញដូរមនុស្ស និងគណនេយ្យភាព និងតម្លាភាពនៅក្នុងប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបំពេញបន្ថែមនូវការងារជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងប្រទេសកម្ពុជា៕






