ដោយវុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ពីសារៈសំខាន់ការតភ្ជាប់ផ្នែកឌីជីថល និងសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ាន នៅក្នុងវិបត្តិនៃនូវជំងឺ Covid-19 ដែលកំពុងរាតត្បាតនៅទៅទាំងសកលលោក។
សម្តេចតេជោហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-លើកទី៣៦ នៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០នេះឱ្យដឹងថា ឌីជីថលភាវូបនីយកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប៉ះប៉ូវផលិតភាព ដែលបានបាត់បង់ដោយសារការរីករាលដាលនៃជំងឺ Covid-19 ។

សម្តេចតេជោបន្តថា “ជាក់ស្តែងក្នុងវ័យនេះ យើងអាចមើលឃើញសក្តានុពលយ៉ាងធំពីទីផ្សារ និងកម្លាំងពលកម្ម ដែលមិនទាន់ត្រូវបានចាប់យកមកប្រើប្រាស់ឱ្យបានពេញលេញនៅឡើយ”។ សម្តេចតេជោបន្ថែមថា “ជាងនេះទៅទៀត ការរំខានដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យយើងដឹងពីតម្រូវការចាំបាច់ សម្រាប់អាស៊ាន ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក៏ដូចជាការគាំទ្របន្ថែមដល់សមាហរណកម្មសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ ស្របពេលដែលអាស៊ានកំពុងប្រឹងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃជំងឺនេះ”។
សម្តេចតេជោហ៊ុន សែនបានថ្លែងបន្តថា ការរាតត្បាតនៃជំងឺ Covid-19 បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុខមក ដូចជាបញ្ហាសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្តុំ និងដំណើរការនៃច្រវាក់ផ្គត់ផ្គង់សកល ក៏ដូចជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។
សម្តេចតេជោថ្លែងបន្តថា នៅក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកល លើមូលដ្ឋានពហុភាគីនិយម ជាពិសេសក្រោមក្រមខណ្ឌអង្គការសហប្រជាជាតិ ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន។ ជាការពិតណាស់ កាលៈទេសៈនេះ មិនមែនជាពេលសម្រាប់យើងចោទប្រកាន់គ្នា រើសអើងឬបែងចែកសម្ពន្ធមិត្តគ្នា ដោយផ្អែកលើរបៀបវារៈនយោបាយណាមួយនោះឡើយ។
សម្តេជោបញ្ជាក់ទៀតថា ក្នុងន័យនេះកម្ពុជា សូមគាំទ្រយ់ាងពេញទំហឹងចំពោះអាណត្តិធម្មនុញ្ញរបស់អង្គការសុភាពពិភពលោក ដែលកំពុងដើរតួនាទីស្នូលក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជាសកល និងជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងការរងចំាភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកល (Global Common Goods) ដែលប្រជាជនគ្រប់រូបក្នុងសកលលោក អាចទទួលបាន៕






