គម្រោងសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបនៅខណ្ឌឫស្សីកែវ សម្រេចបាន ៣០ ភាគរយ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ស្របជាមួយស្ពានដែកបាឡេ សម្រេចបាន ៣០ភាគរយហើយ ខណៈដែលក្រុមការងារសាងសង់ពន្លឿនឱ្យចប់តាមផែនការ ដើម្បីជួយសម្រួលដល់ចរាចរណ៍ចេញចូលក្នុងក្រុង។

លោក សាំ ពិសិដ្ឋ បានឱ្យដឹងនៅក្នុងសប្តាហ៍នេះថា ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។

ស្ពានបេតុងដែលស្ថាបនានៅអមជាមួយស្ពានបាឡេ នៅមុខឃ្លាំងសាំងមួយនេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។

សរសរសម្រាប់ព្យួរខ្សែកាបមានសរសរចំនួន៤គន្លង ផ្លូវសម្រាប់យានយន្តមានទទឹង ៣.៧៥ម៉ែត្រ,គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា១០.៥ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង២០,៥ម៉ែត្របំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។

ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និង ជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃថ្មីសម្រាប់រាជធានភ្នំពេញពីរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here