សភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យវិស័យឯកជនលើកពីបញ្ហាប្រឈម ដើម្បីទទួលបានដំណោះស្រាយពីរាជរដ្ឋាភិបាល

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុន និងគ្រឹះស្ថានវិស័យឯកជនជាច្រើនបានទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺឆ្លង បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងព្យាយាមជួយដោះស្រាយទាំងការផ្តល់នូវវិធីសាស្ត្រ និងការបញ្ចេញកញ្ចប់ថវិកាជាតិដើម្បីជួយទ្រទ្រង់ផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ ដើម្បីទប់ស្កាត់ការដួលរលំ និងខាតបង់ធ្ងន់ធ្ងរ ក្រុមហ៊ុន និងគ្រឹះស្ថានវិស័យឯកជនស្ទើរតែ១០០ភាគរយបានជ្រើសយកវិធីសាស្ត្រកាត់បន្ថយចំនួនបុគ្គលិក ឬកាត់ប្រាក់បៀរវត្សរ៍ចាប់ពី ៣០-៥០ ភាគរយ ដោយឡែកសម្រាប់វិស័យឧស្សាហកម្ម មានរោងចក្រមួយចំនួនបានដាក់ពាក្យស្នើសុំព្យួរផ្អាកដំណើរការផលិតកម្ម។

លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “ទាំងនេះគ្រាន់តែជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀត រួមជាមួយនឹងការចូលរួមចំណែកជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលផងដែរ។ កាលពីពេលកន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា បានទទួលសំណើរពីសមាគមអាជីវកម្ម និងពាណិជ្ជករ ក៏ដូចជាសហគ្រាសជាច្រើនក្នុងការស្វែងរកដំណោះស្រាយ និងទទួលបានជំនួយពីសំណាក់រាជរដ្ឋាភិបាល។ ជាក់ស្ដែងដូចជាវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ទទួលបានការអនុគ្រោះលើការបង់ពន្ធកាត់ទុកជាដើម ដែលទាំងនេះត្រូវបានធ្វើឡើងតាមរយៈសភាពាណិជ្ជកម្មកម្ពុជា ដែលស្នើបន្តទៅកាន់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បន្តទៀតថា “សព្វថ្ងៃនេះ សភាពាណិជ្ជកម្មកម្ពុជា មានសហក្រុមពិភាក្សាការងារ ចំនួន១៣ក្រុម ដូច្នេះសម្រាប់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសពាណិជ្ជកម្មក្នុងវិស័យផ្សេងៗ ដែលជួបផលលំបាក និងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវដាក់សំណើមកកាន់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីសហក្រុមការងារទាំង១៣លើកយកមកពិភាក្សានៅក្នុងវេទិការរាជរដ្ឋាភិបាល និងវិស័យឯកជន រកដំណោះស្រាយ ហើយក្នុងករណីដែលរដ្ឋមន្ត្រីមិនអាចមានលទ្ធភាពក្នុងការដោះស្រាយ យើងនឹងស្នើសុំរហូតដល់សម្ដេចនាយករដ្ឋមន្ត្រីធ្វើការជួយដោះស្រាយ និងអារកាត់”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា លឹម ហេង បានជំរុញឱ្យបណ្តាក្រុមហ៊ុន និងគ្រឹះស្ថានអាជីវកម្មក្នុងវិស័យនានាដែលជួបផលលំបាក គួរដាក់សំណើរមកកាន់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីសភាពាណិជ្ជកម្មកម្ពុជាជួយអន្តរាគមន៍ និងស្នើសុំទៅរាជរដ្ឋាភិបាលបន្ត ព្រោះការដោះស្រាយផលប៉ះពាល់ទាំងអស់នេះមានទំហំធំធេងពាក់ព័ន្ធដល់ថ្នាក់ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here