ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋបាលខេត្តប៉ៃលិនគ្រោងបង្កើតផ្សារថ្មីមួយទៀត សម្រាប់ជួយជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ស្ថិតនៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងមានបញ្ហាទីផ្សារដោយសារការទទួលរងនូវផលប៉ះពាល់បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ Covid-19 ។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះបានឱ្យដឹងថា តាមរយៈគម្រោងបង្កើតផ្សារ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺអាជ្ញាខេត្ត មានគម្រោងសហការនឹងរៀបចំផ្សារនៅចុងសប្តាហ៍ សម្រាប់ប្រជាកសិករ លក់ដំណាំ ត្រី សាច់ បន្លែ និងមាន់ស្រែ ដែលជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ នៅទីតាំងសួនកុមារ មុខសាលាខេត្ត ។
លោកបន្តថា ជាមួយគ្នានេះ រដ្ឋបាលខេត្តគ្រោងរៀបចំពង្រីកមាន់ស្រែអាំងតាមសហគមន៍ និងតាមតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំងខេត្តប៉ៃលិនផងដែរ ដើម្បីចូលរួមគាំទ្រដល់ចលនាភូមិមួយផលិតមួយផង និងដោះស្រាយនូវបញ្ហាទីផ្សារជូនប្រជាកសិករផង ដែលកំពុងរងផលប៉ះដោយសារការផ្ទុះឡើងនៃជងឺ Covid-19។
លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឱ្យដឹងដែរថា សមាគមផលិតមាន់ស្រែ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានចំនួន ៤ក្រុម ស្មើនឹង ១៥៩នាក់ ស្រី៨២នាក់ ក្នុងនោះមានកសិករគំរូ ចំនួន ៧នាក់ ទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សរុបចំនួន ៤០ ៥០០ដុល្លាអាមេរិច ដោយចិញ្ចឹមមាន់ស្រែបានក្នុង១ខែៗប្រមាណជាង ១០០០ក្បាល ហើយទីផ្សារសម្រាប់លក់មាន់ស្រែក្នុងខេត្ត គឺផ្សារប៉ាហ៊ី ផ្សារព្រំ ផ្សារសាលាក្រៅ ផ្សារប៉ាងរលឹម និងផ្សារបានឡែម (ខេត្តបាត់ដំបង)៕






