ក្រដាសប្រាក់ដុល្លារ៣ប្រភេទ វិលមករកការចាយវាយដូចដើមបន្ទាប់ពីមានភាពចលាចលមួយរយៈ

0

ដោយ ៖ លក្ខិណា
ភ្នំពេញ ៖ ក្រដាសប្រាក់ដុល្លារ៣ប្រភេទ រួមមានក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ បានវិលមកចាយវាយធម្មតាវិញនៅលើទីផ្សារលក់រាយ និងកន្លែងទូរទាត់ទំនិញ បន្ទាប់ពីក្រដាសប្រាក់ទាំង៣ប្រភេទនេះ ត្រូវបានពលរដ្ឋកម្ពុជាមួយចំនួនរើសអើងកាលពីពេលកន្លងទៅនេះ ។

ជាការកត់សម្គាល់ អាជីវករតាមផ្សារនានាក្នុងរាជធានីភ្នំពេញ បានទទួលយកក្រដាសប្រាក់ដុល្លារ៣ប្រភេទគឺ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ វិញជាធម្មតា ហើយពេលនេះ កន្លែងដូរប្រាក់ក៏ទទួលយកក្រដាសប្រាក់ទាំងនេះវិញ រាប់ទាំងអាជីវករតូចតាចក៏ទទួលយកក្នុងការទូរទាត់ពីអតិថិជនផងដែរ ។

បុគ្គលិកចាក់សាំងនៃស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៤បាននិយាយថា ក្រដាសប្រាក់ដុល្លារគ្រប់ប្រភេទ ត្រូវបានថៅកែអនុញ្ញាតអោយយកពីភ្ញៀវដែលចាក់សាំងទាំងអស់ ដោយមិនបដិសេធមួយណាឡើយ ហើយបច្ចុប្បន្ននេះ ក្រដាសប្រាក់ពេញនិយមនោះគឺ៥ដុល្លារនិង១ដុល្លារ តែសម្រាប់ក្រដាសប្រាក់២ដុល្លារស្ទើរតែមិនដែលជួបទេ គឺកម្រមានភ្ញៀវយកមកចាយនៅក្នុងការ៉ាសសាំងនេះណាស់ ។

ចំណែកអ្នកស្រីមុំ អ្នកលក់សាច់ជ្រូកនៅក្នុងផ្សារកំបូលក៏បាននិយាយដែរថា ពីមុនមិនហ៊ានយកក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារពីភ្ញៀវទេ ព្រោះកាលមុនពេលយកទៅដូរស្រាប់តែគេថាអត់យក ពេលនោះក៏មានការភ្ញាក់ផ្អើលដែរ តែមកដល់ពេលនេះ ឃើញថាកន្លែងដូរលុយក៏ទទួលយក ដូច្នេះអ្នកស្រី ក៏ព្រមទទួលយកក្រដាសប្រាក់ទាំងនោះពីភ្ញៀវធម្មតាឡើងវិញ ។

ដោយឡែកបុគ្គលិកឥណទានម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ និងស្ថាប័នរបស់ខ្លួនក៏បានអោយដឹងថា តាមគ្រឹះស្ថាននៅតែទទួលយកប្រាក់ពីពលរដ្ឋនូវក្រដាសប្រាក់ដុល្លារទាំង៣ប្រភេទដែលពលរដ្ឋបានផ្អើលកាលពីពេលកន្លង ។ ពលរដ្ឋដែលសងប្រាក់ត្រលប់មកគ្រឹះស្ថានវិញក៏នៅតែសងធម្មតា ហើយក៏មិនមែនជាក្រដាសប្រាក់ដុល្លារទាំង៣ប្រភេទនោះច្រើនដែរ ដោយពលរដ្ឋទុកចាយវាយខ្លះ ហើយប្រាក់ដែលត្រូវសងក៏មានជាដុល្លារ និងខ្មែរ ទៅតាមធនធានរបស់ពួកគាត់ដែរ ។

បុគ្គលិករូបនេះនិយាយថា តាមពិតទៅមានការផ្អើលមែន ពីការមិនចាយវាយក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ហើយពលរដ្ឋក៏មានការសួរនាំច្រើន តែបន្ទាប់ពីក្រុមបុគ្គលិកបានពន្យល់ច្បាស់ពួកគាត់ក៏រក្សាភាពដដែល តែយ៉ាងណាពួកគាត់ក៏ជួបបញ្ហាមួយចំនួនផងដែរ ក្រោយពេលពួកគាត់យកក្រដាសប្រាក់ទាំងនោះ ទៅចាយវាយនៅតាមផ្សារតែត្រូវបានគេបដិសេធទទួលយកកាលពីពេលកន្លង ។ យ៉ាងណាក្ដីបាតុភាពទាំងនោះ បានត្រឹមតែមួយឆាវហើយរហូតមកដល់ពេលនេះ ស្ថានភាពនៃការចាយវាយក៏បានត្រលប់មកដូចភាពដើមវិញ ។

កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតកោះអញ្ជើញដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដើម្បីចូលរួមប្រជុំមួយ ដែលក្នុងលិខិតកោះអញ្ជើញនោះ គឺនិយាយពីការមិនទទួលក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារនៅក្នុងប្រព័ន្ធធនាគារ តែក៏មានបណ្ដាញព័ត៌មានមួយចំនួនបានយកទៅផ្សាយដោយនិយាយពីការមិនចាយវាយក្រដាសប្រាក់ដុល្លារទាំង៣ប្រភេទនោះទៅវិញ ជាហេតុធ្វើអោយសាធារណជនមានការយល់ច្រលំនិងផ្អើលតៗគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here