ក្រុមហ៊ុនចិនដ៏ធំមួយស្វែងរកឱកាសវិនិយោគផ្នែកវប្បធម៌ និងទេសចរណ៍នៅខេត្តបាត់ដំបង

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុន Angkor Culture Investment and Development Group របស់ខេត្តយូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិនបាននឹងកំពុងស្វែងរកឱកាសវិនិយោគ ដើម្បីបណ្តាក់ទុនវិនិយោគបន្ថែម នៅលើវិស័យវប្បធម៌ និងទេសចរណ៍។

លោក Wang yin Phing តំណាងក្រុមហ៊ុនAngkor Culture Investment and Development Group ខេត្តយូណាន នៃប្រទេសចិននៅក្នុងជំនួបជាមួយអភិបាលខេត្តបាត់ដំបងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ឱ្យដឹងថា ក្រុមហ៊ុនបានធ្វើការវិនិយោគផ្នែកវប្បធម៌ និងទេសចរណ៍ នៅក្នុងខេត្តសៀមរាបរួចមកហើយ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនចង់ធ្វើការសិក្សាអំពីសក្តានុពលខេត្ត ដើម្បីឈានដល់ការដាក់វិនិយោគនៅលើវិស័យវប្បធម៌ និងទេសចរណ៍នៅខេត្តបាត់ដំបងផងដែរ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន Angkor Culture Investment and Development Group ដែលមានបំណងចង់ដាក់ទុនវិនិយោគក្នុងខេត្តបាត់ដំបង នាពេលនេះ ខណៈខេត្តបាននឹងកំពុងមានការរីកចំរើនលើវិស័យទេសចរណ៍។

លោកថ្លែងថា “ចំពោះខេត្តបាត់ដំបង មានសក្តានុពលសំខាន់ៗចំនួន ៣ រួមមានវិស័យកសិកម្ម វិស័យផ្នែកសេវាកម្ម និងវិស័យទេសចរណ៍ ដែលរមណីយដ្ឋានបែបប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិផងដែរ”។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC កន្លងមកនេះបានគាំទ្រឱ្យក្រុមហ៊ុន Angkor International Culture Investment & Development (Cambodia) Co.,Ltd របសចិនដ៏ធំមួយនេះ បោះទុនវិនិយោគចំនួន ២៧,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិននេះ ដែលបានបង្កើតឱកាសការងារបានប្រមាណ ២១៣ កន្លែងសម្រាប់ប្រជាជនស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here