អង្គការទេសចរណ៍ពិភពលោកបញ្ជាក់ថា កម្ពុជា ជាប្រទេសអាទិភាពក្នុងការទទួលជំនួយស្តារទេសចរណ៍ឡើងវិញ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈគណៈកម្មាធិការអង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណ បានចាត់ទុកកម្ពុជាជាប្រ​ទេសដែលមានអាទិភាព ក្នុងការទទួលជំនួយបច្ចេកទេស ក៏ដូចការគាំទ្រផ្សេងៗពី UNWTO ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19។

នៅក្នុងកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការ UNWTO នៅដើមសប្ដាហ៍នេះ បណ្តាប្រទេសជាសមាគមបានពិភាក្សា និងមានការលើកឡើងច្រើនពីកម្ពុជា ជាពិសេសការជំរុញឱ្យកម្ពុជាទទួលបានជំនួយបច្ចេកទេស និងការគាំទ្រនានាទៀតពីWTO ដើម្បីស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិ COVID-19។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១ កក្កដាកន្លងមកថា នៅក្នុងដំណើរការនៃប្រយុទ្ធប្រឆាំង ការរាតត្បាតមេរោគCOVID-19 នេះ កម្ពុជាបានអនុវត្តតាម UNWTO និងគណៈកម្មការអន្តរក្រសួងរបស់រដ្ឋាភិបាលកម្ពុជា ដែលមានការដាក់ឱ្យអ្នកសង្ស័យស្នាក់នៅដាច់ដោយឡែក ការរក្សាគន្លាតសង្គម ព្រមជាមួយគ្នានេះក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវវិធានសុវត្ថិភាពទេសច​រណ៍នៅជំហានទី១ បន្ថែមលើវិធានទប់ស្កាត់ COVID-19 របស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជាធានាបាននូវការទប់ស្កាត់ការរីករាលដាលមេរោគ COVID-19 ប្រកបដោយប្រសិទ្ធភាព។

លោកបញ្ជាក់ថា “សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុវត្តគោលការណ៍ឧបត្ថម្ភសាច់ប្រាក់ ជូនដល់បណ្តាប្រជាពលរដ្ឋក្រីក្រ និងអ្នកព្យួរការ​ងារក្នុងវិស័យទេសចរណ៍ កំឡុងពេលវិបត្តិCOVID-19ហើយក្រៅពីនេះ កម្ពុជាក៏បានរៀប​ចំកញ្ចប់ប្រព័ន្ធអនុគ្រោះពន្ធជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងអាជីវកម្មក្នុងវិស័យទេសចរណ៍ផងដែរ”។

កិច្ចប្រជុំលើកទី៣២ របស់គណកម្មាធិការ UNWTO នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណនេះ ប្រទេសម៉ាឡេស៊ី និងមាល់ឌីវ បានធ្វើជាសហប្រធានរៀបចំ ដែលមានរដ្ឋមន្ត្រីទេសចរណ៍ មកពីបណ្តាប្រទេសចំនួន២៨ចូលរួម និងមានអគ្គលេខាធិកា​រអង្គការ UNTWO និងបណ្តាអ្នកជំនាញជាច្រើនទៀតបានអញ្ជើញចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here