សេដ្ឋកិច្ច​និង​សង្គម​ខេត្តរតនគិរី នឹង​បន្ត​រីកចំរើន​បន្ថែម​ក្រោយ​ត​ភ្ជាប់​បណ្តាញ​ស្តង់​ស្យុ​ង​អគ្គិសនី ២៣០គីឡូវ៉ុល

0

ដោយ ​វុត្ថា

ភ្នំពេញៈ អាជ្ញា​អគ្គិសនី​កម្ពុជា បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ២៣០គីឡូវ៉ុល ប្រមាណ ១០២ គីឡូម៉ែត្រ​​ពី​វា​រី​អគ្គិសនី​ទន្លេសេសាន ទៅកាន់​អនុ​ស្ថានីយ​ថ្មី​នៅ​ខេត្តរតនគិរី ដោយ​ទទួលបាន​ជោគជ័យ​ហើយ​រំពឹងថា នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​សង្គម​នៅក្នុង​ខេត្ត​នេះ​កាន់តែ​មានការ​រីកចំរើន​បន្ថែម។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានឱ្យដឹង​នៅ​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា  ខេត្តរតនគិរី​បាន​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​ថ្ងៃនេះ ខណៈ​ពីមុន​ខេត្ត​នេះ ប្រើ​ថាមពល​ពី​ខ្សែ​ព្រំដែន​ប្រទេស​វៀតណាម ដែល​ងាយ​រអាក់រអួល ព្រោះ​ជា​ចុង​ខ្សែ​តង់ស្យុង​មធ្យម​ពី​ប្រទេស​គេ។

អាជ្ញាធរ​អគ្គស​នី​បន្តថា  តាមរយៈ​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់២៣០គីឡូវ៉ុល​ដែលមាន​ចំងាយ១០២គីឡូម៉ែត្រ ត​ភ្ជាប់​ពី​វា​រី​អគ្គិសនី​ទន្លេសេសាន និង​អនុ​ស្ថានីយ​ថ្មី​នៅ​ខេត្តរតនគិរី​ដោយផ្ទាល់ ខេត្ត​ដ៏​ស្រស់បំព្រង​នេះ នឹង​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​យ៉ាងច្រើន​នាពេលខាងមុខ។ ក្រុមការងារ​អគ្គិសនី​កម្ពុជា កំពុង​បន្តការងារ​ឆ្ពោះទៅ​ខេត្តមណ្ឌលគិរី​ទៀត។

ទំនប់​វា​រី​អគ្គីសនី សេ​សាន​មាន​សមត្ថភាព ផលិត​ថាមពលអគ្គីសនី​បាន៤០០មេ ហ្កា​វ៉ា​ត់ គឺជា​គម្រោង​វា​រី​អគ្គីសនី​ដ៏​ធំ​បំផុត​របស់​កម្ពុជា បើ​គិត​មកដល់​បច្ចុប្បន្ននេះ។ ហើយ​ទំនប់​ដែលមាន​ប្រវែង៦,៥គីឡូ​ម៉ែត​នេះ ក៏​ជា​ទំនប់​ដ៏​វែង​បំផុត​ក្នុង​ទ្វីបអាស៊ី​ផងដែរ។

តាម​ការគ្រោងទុក​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​នេះ បាន​បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយមាន​សមត្ថភាព​ផលិត​ថាមពល អគ្គីសនី​បាន១ភាគ៥នៃ​ទិន្នផល​ថាមពលអគ្គីសនី​សរុប​ក្នុងប្រទេស​កម្ពុជា។

គម្រោង​នេះ គឺជា​គម្រោង​រួមគ្នា​រវាង​ក្រុមហ៊ុន​របស់​កម្ពុជា​គឺ រូ​យ៉ា​ល់ គ្រុប របស់​អ្នកឧកញ៉ា​គិត ម៉េង​រួមជាមួយ​ក្រុមហ៊ុន Huaneng Hydrolancang International Energy) របស់​ចិន និង​ក្រុមហ៊ុន EVN International Joint Stock Company របស់​វៀតណាម។

សព្វថ្ងៃ​វា​រី​អគ្គិសនី​សេ​សាន​នេះ បាន​នឹង​កំពុងដំណើរការ​ផលិត​អគ្គិសនី​ដែល​នឹង​ជួយ​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ឯករាជ្យភាព លើ​វិស័យ​ថាមពល​អគ្គិសនី កាត់បន្ថយ​ការនាំ​ចូល និង​ធ្វើ​ឲ្យ​តម្លៃ អគ្គិសនី​ថយចុះ​ផងដែរ។ ទំនប់​វា​រី​អគ្គិសនី​នេះ នឹង​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ​ប្រជាពលរដ្ឋ តាម​បណ្តោយ​បណ្តាញ​បញ្ជូន ភ្នំពេញ-កំពង់ចាម-ក្រចេះ-ស្ទឹងត្រែង ព្រមទាំង​ខេត្តមណ្ឌលគិរី និង​រតនៈគិរី​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here