កម្ពុជា​ដាក់ចេញ​ការគ្រប់គ្រង និង​ប្រមូល​ចំណូល​សួយ​សារធន​ធាន​រ៉ែ​សំណង់ ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ

0

ដោយ ប៊ី

ភ្នំពេញៈ ក្នុងទិសដៅ​ជំរុញ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព កម្ពុជា​ចេញ​សេចក្តីសម្រេច​ប្រកាស​គ្រប់គ្រង ប្រតិបត្តិការ​ធនធាន​រ៉ែ​រួមមាន ថ្ម គ្រួស ខ្សាច់ ឡា​តេ​រីត និង​អាចម៍ដី ដែល​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់ ឲ្យ​គម្រោង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​របស់រ​ដ្ឋ និង​ការប្រមូល​ចំណូល​សួយ​សារ ពី​ការប្រើប្រាស់​ធនធាន​រ៉ែ​សំណង់​ទាំងនេះ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ម្សិលមិញ បានចេញ​សេចក្តីប្រកាស​ជា​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង និង​ប្រមូល​ចំណូល​សួយ​សារធន​ធាន​រ៉ែ ពី​ការប្រើប្រាស់​ធនធាន​រ៉ែ​សំណង់ ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ដោយ​ប្រកាស​នេះ មាន​គោលដៅ​គ្រប់គ្រង​ប្រតិបត្តិការ​ធនធាន​រ៉ែ​សំណង់ រួមមាន ការគ្រប់គ្រង​ការប្រើប្រាស់​រ៉ែ​សំណង់ ការសម្រួល​នីតិវិធី​ក្នុងការ​ផ្តល់​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ និង​ការលើកលែង​កម្រៃ​សេវាសាធារណៈ ការកំណត់​នីតិវិធី​លើ​ការប្រមូល​ចំណូល​សួយ​សារ និង​គោល​ការអនុវត្ត ក្នុងករណី​លើកលែង​សួយ​សារ។

ក្នុងនោះ​ចំពោះ​អង្គភាព​អនុវត្តន៍​គម្រោង ទោះជា​អង្គភាព​រដ្ឋ ឬ​ឯកជន ដែល​យក​ធនធាន​រ៉ែ​សំណង់​មកប្រើប្រាស់​ក្នុងការ​សាងសង់ ត្រូវមាន​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​ស្របតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ និង​ត្រូវធ្វើ​ប្រកាស​សួយ​សារ និង​បង់​ចំណូល​សួយ​សា​រលើ​តម្លៃ​ធនធាន​រ៉ែ​ជូន​រដ្ឋ ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ។

អង្គភាព​អនុវត្តន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ ស្របតាម​គំរូ​ពាក្យស្នើសុំ​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្នុងនោះ​ចំពោះ​កម្រៃ​សួយ​សារ​នានា អង្គភាព​អនុវត្តន៍​គម្រោង ត្រូវធ្វើ​ការប្រកាស​សួយ​សារ​នៅ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ឬ នៅតាម​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​ខេត្ត និង​ត្រូវ​បង់ថ្លៃ​សួយ​សា​រលើ​កម្រៃ​ធនធាន​រ៉ែ តាម​លិខិត​បញ្ជា​បង់ប្រាក់ ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល ឬ​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​ខេត្ត ។

សម្រាប់​បញ្ហា​នេះ អង្គភាព​អនុវត្តន៍​គម្រោង ទោះជា​ធ្វើ​ប្រតិបត្តិការ​ធនធាន​រ៉ែ​សំណង់​ដោយ​ខ្លួនឯង ឬ​ទិញ​ពី​ទីផ្សារ ហើយ​មាន​គោលបំណង​រួច​ពី​កាតព្វកិច្ច​បង់ ពី​សួយ​សារ អង្គភាព​នោះ​ត្រូវសុំ​ទៅ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្នុងករណី​ឯកភាព​ពី​រាជរដ្ឋាភិបាល កំណត់ថា ការបង់​សួយ​សារ​ជា​បន្ទុក​របស់​រដ្ឋ អង្គភាព​អនុវត្តន៍​គម្រោង នៅតែមាន​កាតព្វកិច្ច​ប្រកាស​អំពី បរិមាណ​ធនធាន​រ៉ែ​សំណង់ ដែល​គ្រោង​និង​អនុវត្តន៍​រ៉ែ​សំណង់ តាម​គោលការណ៍​កំណត់​របស់​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ជា​មូលដ្ឋាន​គណនា​សួយ​សារ​ជា​បន្ទុក​របស់​រដ្ឋ។

ចំណែក​ករណី​ធនធាន​រ៉ែ​សំណង់ ដែល​យកមកប្រើ​ប្រាស់​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ដែល​ត្រូវ​ទិញ​លើ​ទីផ្សារ អង្គភាព​អនុវត្តន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ​ត្រូវ​ទិញ​ពី​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែលមាន​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​ត្រឹមត្រូវ ក្នុងនោះ​អង្គភាព​ត្រូវ​រាយការណ៍​ប្រកាស​បរិមាណ និង​ប្រភព​ផ្គត់ផ្គង់​ធនធាន​រ៉ែ​សំណង់ ដែល​ប្រើប្រាស់​ក្នុង​គម្រោង​រដ្ឋ ជូន​មក​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​ខេត្ត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​គម្រោង​នោះ។

ចំពោះ​ការប្រកាស​អំពី​បរិមាណ​ធនធាន​រ៉ែ ត្រូវធ្វើ​មុន​គម្រោង​ចាប់ផ្តើម និង​ត្រូវ​បញ្ជាក់​អំពី​ប្រភព​ការទិញ​ធនធាន​រ៉ែ​ទាំងនោះ និង​ត្រូវ​រាយការណ៍​អំពី​បរិមាណ​ធនធាន​រ៉ែ ដែល​ប្រើប្រាស់​ជាក់ស្តែង​រៀងរាល់៦ខែម្តង រហូតដល់​បិត​បញ្ចប់​ការដ្ឋាន​របស់​រដ្ឋ​ជា​ស្ថាពរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here