តើស្ថានភាពនៃសកម្មភាពអភិវឌ្ឍន៍នៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមានសភាពដូចម្តេច

0

ដោយៈ រ៉ាណេត

កណ្តាលៈជាមួយនឹងការអនុវត្តផែនការមេ នៃគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញថ្មី ត្រូវបានពន្លឿនសកម្មភាពសាងសង់ ក្រោមការយកចិត្តទុកដាក់ឃ្លាំមើលពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គេសង្កេតឃើញថា ការអភិវឌ្ឍក្នុងវិស័យសំណង់នៅលំនៅដ្ឋាននៅតំបន់ពាក់ព័ន្ធគម្រោងនេះ ហាក់មិនទាន់មានភាពពុះកញ្ជ្រោលនៅឡើយ។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា បច្ចុប្បន្នក្រុមហ៊ុនទទួលម៉ៅការកំពុងពន្លឿនសកម្មភាពសាងសង់ទៅតាមគម្រោង និងផែនការរបស់ពួកគេ ដោយឃើញមានគ្រឿងចក្រជាច្រើនកំពុងធ្វើសកម្មភាព។

លោកបន្តថា “ក្នុងនាមអាជ្ញាធរ បាននិងកំពុងព្យាយាមធ្វើការជួយសម្របសម្រួលទៅលើការដោះស្រាយបញ្ហាប៉ះពាល់នានា ស្ទើរ១០០ភាគរយហើយពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ ព្រលានយន្ដហោះលំដាប់ពិភពលោកមួយនេះ”។លោកបន្តថា “សម្រា​ប់ការអភិវឌ្ឍក្នុងវិស័យសំណង់របស់ឯកជន ដូចជាការសាងសង់លំនៅដ្ឋានផ្សេងៗដូចជាមិនទាន់មានសកម្មភាពខ្លាំងក្លានៅឡើយនោះទេ។ ប៉ុន្តែខ្ញុំគិតថាមិនយូរទៀតនោះទេ គម្រោងអភិវឌ្ឍន៍មួយចំនួន នឹងលេចចេញជារូបរាងជាក់ជាមិនខាន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានបង្ហាញ”។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា សម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅតំបន់ជាប់ ឬក្បែរគម្រោងសាងសង់ ព្រលានយន្តអន្តរជាតិ-ភ្នំពេញថ្មី នៅមិនទាន់មានសកម្មភាពនៅឡើយនោះទេ ដែលវាត្រូវការពេលវេលាបន្តិចទៀត។

លោកស្រីបានបន្តថា “យើងឃើញថាកំណើននៃការអភិវឌ្ឍ វិស័យលំនៅដ្ឋាននៅប៉ែកខាងត្បូងក្រុងមានកំណើនច្រើន ប៉ុន្តែសម្រាប់នៅក្បែរគម្រោងព្រលានយន្តហោះ គឺនៅមិនទាន់មានគម្រោងអភិវឌ្ឍន៍ធំៗនោះទេ”។ លោកស្រីបន្តថា “នៅតំបន់នេះផ្ទៃដីភាគច្រើនត្រូវបានអ្នកភិវឌ្ឍន៍ទិញទុក ដែលរង់ចាំតែពេលវេលាល្អមកដល់ពួកនឹងចាប់ផ្តើមសកម្មភាពសាងសង់ជាមិនខាន”។

លោកស្រីតាំង ហួរបានបញ្ជាក់ថា សព្វថ្ងៃនេះ សម្រាប់វិស័យលំនៅដ្ឋានភាគខាងត្បូងក្រុង គឺនៅតែបន្តមានការសាងសង់ជាបន្តបន្ទាប់ ហើយតម្រូវការក៏នៅតែមានទៅលើប្រភេទលំនៅដ្ឋានដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ ជាពិសេសបណ្តុំលំនៅដ្ឋានដែលស្ថិតនៅផ្លូវធំនៃតំបន់ជាយក្រុង។ ជាក់ស្ដែងដូចជា នៅម្ដុំគួរស្រូវ តំបន់ព្រែកកំពឺស និងតំបន់ព្រែកហូរ ជាដើម ដែលកំពុងមានសកម្មភាពសាងសង់ដ៏មមាញឹក។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានលើកឡើងថា ភាពរីកចម្រើននិងតម្រូវការទីផ្សារដីធ្លី និងលំនៅដ្ឋាននៅភាគខាងត្បូងរាជធានីភ្នំពេញខាងលើនេះ គឺមានភាពខុសគ្នា ហើយកម្រិតនៃការឡើងថ្លៃក៏ខុសគ្នាដែរ ដែលវាអាស្រ័យទៅតាមគម្រោងអភិវឌ្ឍន៍នីមួយៗ។

លោកបន្តថា “នៅក្នុងអំឡុងពេលនេះ បើទោះស្ថានភាពនៃវិស័យដីធ្លីនៅតំបន់ខាងលើមានភាពល្អប្រសើរក្ដី ប៉ុន្តែសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍របស់វិស័យឯកជននៅមានកម្រិតនៅឡើយ”។លោកបន្តថា “អ្វីៗជាប់ពាក់ព័ន្ធទៅនឹងវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាន ហើយក្នុងដំណាក់កាលនេះ ទាំងអ្នកវិនិយោគ ទាំងអ្នកអភិវឌ្ឍន៍ ពួកគេមិនបញ្ចេញកញ្ចប់ថវិកាដែលមានទំហំនោះទេ”។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំប្រមាណ២៦០០ ហិកតា មានបណ្តោយប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ ។ ដំណើការ នៃការសាងសង់ព្រលានយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។ ទុនវិនិយោគព្រលានយន្ដហោះមួយនេះ មានទំហំទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F អនុញ្ញាតឱ្យប្រភេទព្រលានយន្តហោះធំ Airbus A380-800 និង យន្តហោះ Boeing 747-800 ហោះហើរពីឆ្ងាយឆ្លងទ្វីបចុះចតបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here