ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិមិ្មត (Artificial Intelligence ) Qibi Tech Co., Ltd. របស់ជប៉ុនគ្រោងនឹងសិក្សាលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការស្តីពីការសិក្សាស្រាវជ្រាវរួមគ្នា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI) នៅរាជបណ្ឌិត្យសភាកម្ពុជាឆាប់ៗខាងមុខនេះ។

នៅក្នុងកិច្ចពិភាក្សាការងារតាមរយៈប្រព័ន្ធ Video Conference រាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញនេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI) Qibi Tech របស់ជប៉ុនបានពិភាក្សាគ្នាអំពី ការសិក្សាស្រាវជ្រាវរួមគ្នា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ដែលនឹងរៀបចំនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជានាពេលដ៏ឆាប់ខាងមុខ ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ។

លោក សុខ ទូច ថ្លែងថា បញ្ញាសិប្បនិម្មិត (Artificial Intelligence) គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រដែលអាចបង្កើតនូវម៉ាស៊ីន ឬមនុស្សយន្តមួយវៃឆ្លាតដែលអាចធ្វើការ និងឆ្លើយតបនឹងតម្រូវការការងារដូចមនុស្ស។
លោកបន្តថា ចំណុចសំខាន់របស់ IA គឺរួមបញ្ចូលដោយការសរសេរកូដកុំព្យូរទ័រ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ បច្ចុប្បន្ននេះ IA បានក្លាយជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មបច្ចេកវិទ្យា៕






