ដោយម៉ា ណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងចំណាយថវិកាជាតិប្រហែល១,១៦ ពាន់លានដុល្លារ ដើម្បីជំរុញសេ្ឋកិច្ច និងទប់ទាល់នឹងវិបត្តិជំងឺកូវីដ១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល។

រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុតបានថ្លែងនៅឯវេទិការសន្និសីទព័ត៌មានស្តីពី វិធានការរបស់រដ្ឋាភិបាល ឆ្លើយតបវិបត្តិជំងឺកូវីដ១៩ នៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០២០នេះបានថ្លែងថា រដ្ឋាភិបាលបានចំណាយ១,១៦០ លានដុល្លារ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩។
លោកបានថ្លែងថា “ក្នុងចំណោមថវិកាទាំងនោះ ថវិកាប្រហែលជាង៥០០លានដុល្លារត្រូវយកទៅជួយប្រជាជនដែលងាយគ្រោះ និងជាង៦០០លានដុល្លារយកជួយក្រុមហ៊ុន និងសហគ្រាស ដែលរងផលប៉ះពាល់”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍កន្លងមកនេះឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ថវិកាបដិភាគប្រមាណ៤០ដុល្លារអាមេរិក និង រោងចក្រសហគ្រាស ប្រមាណ៣០ដុល្លារអាមេរិក សរុប៧០ដុល្លារអាមេរិកដល់កម្មករ និយោជិត ដែលកំពុងជួបបញ្ហាក្នុងអំឡុងពេលដែលមានវិបត្តិនេះ។
ទន្ទឹមនឹងនេះ មជ្ឍដ្ឋានប្រជាពលពលរដ្ឋទូទៅ មិនថាតែមន្ត្រីរដ្ឋការសាធារណៈឡើយ បានចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងជំងឺនេះជាមួយនឹងរដ្ឋាភិបាលយ៉ាងសស្រាក់សស្រាំ និងថែមទាំងបានជួយរែកពន់នូវបន្ទុក និងការលំបាកនេះក្នុងស្មារតីចែករំលែកទៀត។
ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល នឹងនៅតែបន្តតាមដាន ស្ថានភាពវិវត្តន៍នៃជំងឺនេះ ប្រកបដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសឲ្យបាននូវការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺដ៏កាចសាហាវនេះ។
ធនាគារពិភពលោកបានឱ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំ ទៅលើក្បាលម៉ាស៊ីនសំខាន់ៗ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “វិបត្តិជាសកលដែលបង្កដោយការរាលដាលនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំ មកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០”។
លោកស្រីមានប្រសាសន៍បន្ថែមទៀតថា“ធនាគារពិភពលោកប្តេជ្ញាចិត្តថា នឹងជួយកម្ពុជា ក្នុងការជួយដោះស្រាយឱ្យមានប្រសិទ្ធភាព ជាមួយវិបត្តិកូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់នាពេលអនាគត”៕






