ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញពីគម្រោងនៃការសាងសង់ស្ពានអាកាសចំនួន២បន្ថែមទៀតស្ថិតនៅតំបន់ទីប្រជុំជន ឆ្លងកាត់ផ្លូវជាតិលេខ៣ ដើម្បីជួយសម្រួលដល់ការចរាចរណ៍ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ពេលធ្វើដំណើរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា ពេលក្រសួងសាធារណការបានសិក្សា និងពិភាក្សាជាមួយមន្ត្រីជំនាញ រួមជាមួយនឹងអភិបាលខេត្តតាកែវ និងអភិបាលខេត្តកំពង់ពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ស្ពានអាកាសរួចរាល់។
លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា “ទីតាំងដែលនឹងត្រូវសាងសង់ស្ពានអាកាសនេះគឺស្ថិតនៅតំបន់ទីប្រជុំជន ជាពិសេសនៅម្ដុំផ្សារត្រាំខ្នា ខេត្តតាកែវ ព្រំប្រទល់ជាមួយនឹងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តំបន់មានមានមនុស្សច្រើន ដែលប្រឈមទៅនឹងគ្រោះថ្នាក់ពេលធ្វើដំណើរឆ្លងផ្លូវភ្លោះដែលមានគន្លង ដូច្នេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ពេលធ្វើដំណើរឆ្លងផ្លូវ គឺចាំបាច់ត្រូវតែមានស្ពានអាកាសនៅតំបន់នេះ”។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះថា “គម្រោងសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានសិក្សាលម្អិតជាមួយក្រុមមន្ត្រីជំនាញបច្ចេកទេសរួចរាល់ហើយ ហើយពាក់ព័ន្ធទៅនឹងពេលវេលាបើកការដ្ឋានសាងសង់ គឺអាស្រ័យលើមន្ត្រីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនម៉ៅការសាងសង់។ ដោយឡែកទីតាំងសម្រាប់សាងសង់ស្ពានអាកាសមួយកន្លែងទៀតដែលស្ថិតនៅផ្លូវជាតិលេខ៣មួយទៀតនៅតំបន់ណាឱ្យពិតប្រាកដនោះ ខ្ញុំនៅមិនទាន់ដឹងច្បាស់ទេ ដឹងត្រឹមគម្រោងស្ពាននៅតំបន់ព្រំប្រទល់ស្រុកគងពិសី ជិតផ្សារត្រាំខ្នា ខេត្តតាកែវ”។
លោកបានបញ្ជាក់ទៀតថា “គ្រប់គម្រោងសាងសង់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល គឺសុទ្ធតែក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ និងអ្នកធ្វើដំណើរទាំងអស់ ហើយការអភិវឌ្ឍន៍នេះនឹងនៅតែបន្តដំណើរទៅមុខជាបន្តបន្ទាប់ទៀតស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ”៕






