ដោយ ហ្សូលី
ប៉េកាំង៖ ចិនបានបញ្ចប់ការសាងសង់ស្ពានផ្លូវដែកមួយ ដែលមានប្រវែងប្រមាណ ១១គីឡូម៉ែត្រ និងចំណាយថវិកាជាង ២០០០លានដុល្លារ ក្រោយពីចំណាយរយៈពេលសាងសង់អស់ចំនួន ៦ឆ្នាំរួចមក។

ស្ពានផ្លូវដែកបានក្លាយជាស្ពានដែកដែលមានប្រវែងជាងគេបង្អស់លើពិភពលោក ស្ថិតនៅចន្លោះទីក្រុងសៀងហៃ និងទីក្រុងណានតុង។ ស្ពាននេះត្រូវឆ្លងកាត់ទន្លេ Yangtze ជាមួយនឹងបច្ចេកវិទ្យារចនាសម្ព័ន្ធថ្មីជាងគេ។ វាត្រូវបានស្ថាបនាឡើងជាមួយផ្លូវ ៦គន្លង និងខ្សែផ្លូវដែកចំនួន ៤នៅពីក្រោម។ ការស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋចិនទាំងមូល ព្រោះវាជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើររវាងទីក្រុងដ៏មានប្រជាប្រិយភាពរបស់ចិនគឺសៀងហៃ ឆ្ពោះទៅកាន់ខេត្តជាំងស៊ូ ដោយចំណាយពេលត្រឹម ៣ម៉ោងកន្លះតែប៉ុណ្ណោះ។
កាលពីមុនបើសិនជាគេចង់ឆ្លងកាត់ទន្លេនេះ យ៉ាងហោចណាស់ត្រូវចាយពេលប្រមាណ ៤ម៉ោង តែបច្ចុប្បន្នដោយសារគុណសម្បត្តិនៃស្ពានផ្លូវដែកនេះ ប្រជាជនអាចឆ្លងកាត់ត្រឹមកន្លះម៉ោងក្នុងការទៅដល់គោលដៅ។ ខ្សែបណ្តាញនេះនឹងជម្រុញប្រតិបត្តិការក្នុងការដឹកជញ្ជូនអ្នកដំណើរ ៦ជើងក្នុងមួយថ្ងៃ រួមជាមួយនឹងល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក Wang Feng នាយកចាត់ការទូទៅនៃក្រុមហ៊ុន China State Railway បានថ្លែងថា ការបើកដំណើរការប្រើប្រាស់នៃស្ពាននិងផ្លូវដែកនេះ គឺជាការផ្សារភ្ជាប់យ៉ាងពិសេសក្នុងតំបន់ទន្លេ Yangtze ដែលជាការសាងសង់តំបន់ជាប់មាត់សមុទ្ររវាង ទីក្រុងប៉េកាំងនិងសៀងហៃ។ លោកបន្ថែមថា បច្ចេកវិទ្យាថ្មីៗជាច្រើន ត្រូវបានប្រើប្រាស់និងរួមបញ្ចូលនៃប្រព័ន្ធខ្សែកាបជាមួយនឹងកម្លាំងខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ប្រព័ន្ធ Anti-Collision នឹងផ្តល់សញ្ញាដល់អាជ្ញាធរចរាចរណ៍ទន្លេក្នុងចម្ងាយ ៣គីឡូម៉ែត្រមុនប្រសិនបើមានទូកកប៉ាល់ណាមួយបម្រុងនឹងឆ្ពោះមកបុកសសរស្ពាន ដែលអាចបង្កើតគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។
ស្ពានផ្លូវដែកនេះត្រូវបានសាងសង់ដោយប្រើប្រាស់ដែកចំនួន ៤៨០ ០០០ តោន អមជាមួយនឹងគ្រឹះបុកជ្រមុជចូលទឹកយ៉ាងជ្រៅរហូតដល់ ១១៥ម៉ែត្រ។
ខេត្តជាំងស៊ូ មានផ្លូវដែកសរុប ៦ខ្សែ មានប្រវែងសរុបជាង ១០០០គីឡូម៉ែត្រ កំពុងស្ថិតក្នុងដំណាក់កាលស្ថាបនា ដែលត្រូវចំណាយថវិកាជាង ២៥.៥ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់មន្ទីរដឹកជញ្ជូនប្រចាំខេត្តជាំងស៊ូ កាលពីថ្មីៗនេះ៕






