ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកសម្រេចបានទំហំទឹកប្រាក់២,៣ពាន់លានដុល្លាររយៈពេល៥ខែ

0

ដោយ៖ ប៊ី

ភ្នំពេញៈ ការនាំចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ សម្រេចបាន២,៣ពាន់លានដុល្លារអាមេរិក  កើនឡើង២៥,៩ភាគរយ។ នេះបើយោងតាមទិន្នន័យ ពីការិយាល័យជំរឿនសហរដ្ឋអាមេរិក ដែលបាចេញផ្សាយនៅសប្តាហ៍នេះ។

ចាប់ពីខែមករា ដល់ខែឧសភា កម្ពុជាបាននាំចូលផលិតផលមានតម្លៃ១២៥លានដុល្លារពីសហរដ្ឋអាមេរិកដែលធ្លាក់ចុះ៤២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែក្នុងខែឧសភាតែមួយ ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ៣៥៥ លានដុល្លារ ក្នុងនោះ៣៣៨ លានដុល្លារគឺជាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។

លោកវង្សី វិស្សុត រដ្ឋលេខានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសន្និ​សីទកាសែតមួយនៅថ្ងៃទី៨ ខែកក្កដានេះថា ការនាំចេញពីប្រទេសកម្ពុជាទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល ៥ ខែដំបូងនៅតែមានភាពវិជ្ជមាន ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច បណ្តាប្រទេសនៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

លោកបានមានប្រសាសន៍ថា “កំណើនវិជ្ជមាននៃការនាំចេញរបស់ប្រទេស ត្រូវបានចូលរួម ដោយការនាំចេញផលិតផលមិនមែនសម្លៀកបំពាក់ ដូចជាអង្ករ កង់ និងគ្រឿងបន្លាស់អេឡិចត្រូនិចជាដើម”។លោកបានថ្លែងថា “ការនាំចេញសម្លៀកបំពាក់បានធ្លាក់ចុះ ជាពិសេសនៅទីផ្សារអឺរ៉ុប ប៉ុន្តែនៅពេលយើងក្រឡេកមើលផលិតផលនាំចេញសរុបពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ យើងឃើញមានកំណើន ដូចជាកង់ អង្ករ គ្រឿងអេឡិចត្រូនិក និងវត្ថុធាតុដើមមួយចំនួនមកពីកសិកម្ម”។

កាលពីឆ្នាំ២០១៩ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានចំនួនសរុប ៥,៨ ពាន់លានដុល្លារកើនឡើង៣៨ភាគរយបើប្រៀបធៀបនឹងតួលេខក្នុងឆ្នាំ ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here