ដោយវុត្ថា
ភ្នំពេញៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ដំណើរឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (ប្រព័ន្ធអនឡាញ) កាលពីអំឡុងខែមិថុនា ឆ្នាំ ២០២០កន្លងមកនេះ មានក្រុមហ៊ុនអាជីកម្មចំនួន៤៧ហើយបានចុះបញ្ជីតាមប្រព័ន្ធនេះ។

លោកផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗថា ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញនេះ បានចំណាយពេលវេលាតិច និងមានភាពងាយស្រួលជាទីបំផុត គឺមុនដូចកាលពីពេលមុននោះទេ ខណៈពីមុនមានស្ថានភាពស្មុកស្មាញច្រើន ដោយរត់ការតាមដំណាក់កាលជាច្រើនស្ថាប័ន។
លោកបន្តថា “តាំងពីមុននេះនៅពេលចុះបញ្ជីអាជីកម្មរបស់ក្រុមហ៊ុន ត្រូវឆ្លង៣ ទៅ៤ស្ថាប័ន ប៉ុន្តែឥឡូវនេះគ្រាន់តែចូលទៅក្នុងវេបសាយរបស់ក្រសួង ហើយបញ្ចូលរាល់ឯកសារពាក់ព័ន្ធទៅក្នុងប្រព័ន្ធចុះបញ្ជីរួចរាល់ហើយនោះ”។ លោកបន្តថា “ក្នុងរយៈពេល៨ថ្ងៃនឹងទទួលបាន ហើយមកដល់ពេលនេះមានក្រុមហ៊ុន៤៧ បានចុះបញ្ជីរួចហើយ”។លោកផាន់ ផល្លាបន្ថែមថា “នេះជាឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅ របស់រដ្ឋាភិបាលក្នុងការទាក់វិនិយោគ និងសម្រួលនិតិវិធីនៃការចុះបញ្ជីរ ឱ្យបានកាន់តែលឿនដល់ធុរកិច្ចនៅក្នុងប្រទេសដែលកំពុងជួបវិបត្តិនៃជំងឺ Covid-19 នាពលេនេះ”។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ បានដាក់ឱ្យដំណើរកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លមកងនេះ គឺជាបង្គោលចរថ្មីមួយ នៃការកែទម្រង់មុត ស្រួចរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ ភាពប្រកួតប្រជែង និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។
លើសពីនេះ ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះ នឹងផ្តល់ឱកាសដ៏សំខាន់មួយទៀតផងដែរ ដល់ធុរ-ជនដែលកំពុងស្វែងរកឯកសារគតិយុត្ត កំណត់អត្តសញ្ញាណ អាជីវកម្មរបស់ខ្លួន ដើម្បីពន្លឿន និងទទួលបានឥណទាន ពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងវិធានការជួយដល់វិស័យឯកជន ដែលទទួលរងផល ប៉ះពាល់ពីការរីករាលដាលនៃជំងឺCovid-19៕






