ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា វៀតណាមបានប្ដេជ្ញាជំរុញវិស័យពាណិជ្ជកម្មទ្វេភាគីឱ្យបានសម្រេចដល់៧០០០លានដុល្លារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំង២។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៩ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ខ្លឹមសារជំនួបតាមទូរស័ព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមង្វៀន ហ៊្វូជុង ដោយបានបង្ហាញពីលទ្ធផលសំខាន់ៗដែលទទួលបានកិច្ចប្រជុំ។
តាមរយៈសេចក្ដីប្រកាសដដែលនេះបានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ បានវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិត ស្និទ្ធក្នុងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា-វៀតណាម ដែលត្រូវបានពង្រឹង និងពង្រីកឱ្យមានការរីកចម្រើនជាផ្លែផ្កាលើគ្រប់វិស័យ និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំង២។
ក្នុងឱកាសនោះ សម្តេចតេជោបានស្នើឱ្យប្រទេសទាំង២ បង្កើនការផ្លាស់ប្តូរព័ត៌មាន គាំទ្រគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងជំងឺ Covid-19 ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ព្រមទាំងបន្តសហការសម្រួលការ ដឹកជញ្ជូនទំនិញ និងការធ្វើដំណើរឆ្លងដែនទៅមកឱ្យបានកាន់តែងាយស្រួល ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកើនដល់៧០០០លានដុល្លារអាមេរិកតាមផែនការ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំង២។
ថ្នាក់ដឹកនាំកំពូលទាំង២ ក៏បានបញ្ជាក់អះអាងជាថ្មីថា នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត ដើម្បីពូនជ្រំទំនាក់ទំនងក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាមឲ្យកាន់តែរឹងមាំឡើងថែមទៀត ដោយខិតខំអនុវត្តន៍ ឱ្យបានកាន់តែល្អនូវបណ្តាសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរៀបចំកិច្ចប្រជុំគណកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងខេត្តតាមព្រំដែនកម្ពុជា-វៀតណាមលើកទី១១ នៅពេលវេលាសមស្រប។
ថ្នាក់ដឹកនាំកំពូលទាំង២ បានសម្តែងនូវការអបអរ ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលស្គាល់សមិទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេស ទាំងពីរ ដែលសម្រេចបាន៨៤% ព្រមទាំងឯកភាពពន្លឿនការដោះស្រាយបញ្ហាព្រំដែន១៦% ដែលនៅសេសសល់ ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែន សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕






