ដោយៈ រ៉ាណេត
ភ្នំពេញៈ សមិទ្ធផលថ្មីមួយទៀតរបស់អគ្គិសនីកម្ពុជា ដែលជាការដាក់ឱ្យដំណើរការនូវខ្សែបញ្ជូនថាមពលអគ្គិសនី ដែលមានកម្លាំង២៣០គីឡូវ៉ុល ដែលជាកងជុំវិញបឹងទន្លេសាប និងឆ្លងកាត់ចំនួន៩ ខេត្ត/ក្រុង។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះថា អគ្គិសនីកម្ពុជា ទើបទទួលសមិទ្ធិផលថ្មីមួយបន្ថែមទៀត គឺការដាក់ឲ្យដំណើរការខ្សែបញ្ជូន២៣០គីឡូវ៉ុល ពីសៀមរាបមកកំពង់ធំ ដែលជាកំណាត់ចុងក្រោយ នៃបណ្តាញបញ្ជូនតង់ស្យុងខ្ពស់២៣០ គីឡូវ៉ុល ជាកងជុំវីញបឹងទន្លេសាប ដែលឆ្លងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ចាម។
លោកបន្តថា “ការដាក់ឱ្យដំណើរការខ្សែបញ្ជូន២៣០គីឡូវ៉ុលនេះ បានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ ដែលជាសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តមួយទៀតទើបសម្រេចបាន ក្រោយពេលសាងសង់ដ៏លំបាករយៈពេលជាង៣ឆ្នាំ នៃកំណាត់ខ្សែបណ្តាញពីបាត់ដំបង មកកំពង់ចាមប្រវែង ៣៦២ គីឡូម៉ែត្រ”។
លោកកែវ រតនៈ បានបញ្ជាក់ទៀតថា “សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានបំណងយូរមកហើយ ចង់ឱ្យខេត្តទាំង៨ ជុំវិញបឹងទន្លេសាបទាំងអស់ រួមទាំងរាជធានីភ្នំពេញមួយទៀត មានខ្សែបញ្ជូនអគ្គិសនី ដែលអាចយកប្រភពថាមពលចេញពីខ្សែបញ្ជូននេះ ទៅឱ្យខេត្តកោះកុង ព្រះវិហារ ប៉ៃលិន និងឧត្តរមានជ័យផងដែរ ដែលផែនការនេះត្រូវបានសម្រេចនៅថ្ងៃម្សិលមិញនេះ តាមរយៈការដាក់ភ្ជាប់កំណាត់ចុងក្រោយពីខេត្តសៀមរាបទៅខេត្តកំពង់ធំ”។

តាមរយៈវត្តមាននៃសមិទ្ធផលថ្មីនេះ បានតភ្ជាប់ដង្ហើមសេដ្ឋកិច្ចដ៏ធំរបស់បណ្តាខេត្តនានា ដែលមានប្រជាពលរដ្ឋរស់នៅច្រើនលើសលុប ជុំវិញបឹងទន្លេសាប ហើយក៏ជាកន្លែងដែលប្រមូលផ្តុំនូវសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ខ្សែបណ្តាញនេះនឹងបង្កើនស្ថិរភាពឱ្យទៅការផ្គត់ផ្គង់ ទៅខេត្តជុំវិញបឹងទន្លេសាបទាំងអស់ មានស្ថេរភាពល្អជាងមុន និងប្រភពនៃការផ្គត់ផ្គង់ពីបណ្តាញជាតិក៏សំបូរជាងមុន។
ខ្សែបណ្តាញនេះ ត្រូវបានដាក់ឱ្យដំណើរការជាដំណាក់កាលៗ រួមមាន ភ្នំពេញ-បាត់ដំបង និងភ្នំពេញ-កំពង់ចាម ដាក់ឱ្យដំណើរការខែមិថុនាឆ្នាំ២០១៣, បាត់ដំបង-សៀមរាប ដាក់ឱ្យដំណើរការនៅខែកុម្ភៈ ឆ្នាំ២០១៩, កំពង់ធំ-កំពង់ចាម ដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០១៩ និងចុងក្រោយនៅថ្ងៃនេះ សៀមរាប-កំពង់ធំ ដែលមានប្រវែង ១៣៦ គីឡូម៉ែត្រ។ បណ្តាញជាកងនេះក៏បានភ្ជាប់បន្តទៅខេត្តកោះកុង, ប៉ៃលិន, ឧត្តរមានជ័យ និងព្រះវិហារ ផងដែរ៕






