មន្រ្តីជាន់ខ្ពស់លើកឡើងពីសារៈសំខាន់នៃធនធានប្រេងកាត ខណៈការទាញយកមិនទាន់មានភាពច្បាស់លាស់

0

ដោយវុត្ថា

កោះកុងៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានអះអាងថា  ធនធានប្រេងកាត ជាដើមទុនដ៏មានតម្លៃរបស់ជាតិសម្រាប់ការជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផលប្រយោជន៍យូរអង្វែងរបស់ជាតិ និងលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ខណៈកម្ពុជាធនធានប្រេងកាតទាញយកបាននៅពេលណា មិនទាន់កំណត់ច្បាស់​លាស់នៅឡើយ។

អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ញឹម សុមេធបានមានប្រសាសន៍ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «បច្ចុប្បន្នភាព នៃវិស័យប្រេងកាតកម្ពុជា» នៅខេត្តកោះកុងនាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹថា ការធ្វើធុរកិច្ចដើម្បីទាញយកមកប្រើប្រាស់បណ្ដាធនធាននេះ គឺជាវិនិយោគរបស់ជាតិ ដើម្បីទទួលបាននូវផលប្រយោជន៍ជាវឌ្ឍនភាពរុងរឿង នៃសង្គមជាតិ នឹងភាពល្អប្រសើរនូវជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាទាំងអស់។

លោកបន្តថា “ការធ្វើអាជីវកម្មធនធាននេះជាទូទៅ ជៀសមិនផុតពីផលប៉ះពាល់ផ្សេងៗ ចំពោះបរិស្ថានសង្គម និងជាពិសេសចំពោះសហគមន៍មូលដ្ឋាន ដូច្នេះបេសកកម្មចម្បងរបស់ក្រសួងរ៉ែ និងថាមពល គឺការប្រកាន់យកនូវទស្សនៈវិស័យ ដែលជំរុញឲ្យការអភិវឌ្ឍ និងអាជីវកម្មធនធានប្រេងកាត”។លោកបន្តថា “រដ្ឋាភិបាលនឹងបញ្ជៀសឲ្យបានជាអតិបរមានៅផលប៉ះពាល់អវិជ្ជមានផ្សេងៗ ដល់បរិស្ថានសង្គមព្រមទាំង ការពារ និងជំរុញលើកកម្ពស់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន ដើម្បីប្រែក្លាយជាវិនិយោគក្នុងវិស័យនេះ បានប្រកបដោយទិន្នផលសេដ្ឋកិច្ចសង្គមខ្ពស់បំផុតនិងមានតម្លាភាព”។

មន្រ្តីជាន់ខ្ពស់រូបនេះ បានថ្លែងទៀតថា រហូតមកដល់ពេលនេះ យើងអាចវាយតម្លៃបានថា ការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗ ក្នុងវិស័យប្រេង និងឧស្ម័នត្រូវបានអនុវត្តប្រកបដោយ ការព្យាយាមចិត្តទុកដាក់ខ្ពស់នឹងទទួលបានផលគួរជាទីមោទនៈ ហើយក្រសួងក៏បានយកចិត្តទុកដាក់ លើការអនុវត្តសកម្មភាពអាទិភាពសំខាន់ៗដូចជា ទី១ ការកសាងសមត្ថភាពស្ថាប័នការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ច ទី២ ការគ្រប់គ្រងប្រតិបត្តិការប្រេងកាត ដោយសង្កត់លើការរៀបចំគោលនយោបាយបទដ្ឋានគតិយុត្តិ ទី៣ ការរៀបចំឡើងវិញផ្នែកស្ថាប័នកិច្ចការបណ្ដុះបណ្ដាល។

ទី៤ កសាងសមត្ថភាពមន្ត្រីរាជការ រួមទាំងការរឹតបន្តឹងការត្រួតពិនិត្យ និងប្រសិទ្ធភាព នៃការអនុវត្តកាតព្វកិច្ចព្រមព្រៀងប្រេងកាត ទី៥ ការពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យប្រេង និងឧស្ម័ន ទី៦ ការរៀបចំយន្តការ និងក្របខ័ណ្ឌអភិវឌ្ឍន៍ដើម្បីពង្រឹងស្តង់ដារសុវត្ថិភាពបរិស្ថាន និងសង្គម ទី៧ ការវាយតម្លៃយុទ្ធសាស្ត្រនៃផែនការបរិស្ថានក្នុងគម្រោងប្រេងកាត។

គោលនយោបាយ និងសកម្មភាពអទិភាពឆ្នាំ២០១៩-២០២៣ នៃវិស័យប្រេងកាតកម្ពុជាក្រសួងរ៉ែ និងថាមពល មានបេសកកម្មយ៉ាងធំធេង ក្នុងការអភិវឌ្ឍវិស័យប្រេងកាត ឲ្យអស់លទ្ធភាពតាមរយៈការស្វែងរុករកអភិវឌ្ឍន៍ផលិតកម្ម ប្រព្រឹត្តិកម្ម ដឹកជញ្ជូនសន្និធិ និងការធ្វើពាណិជ្ជកម្មប្រេង និងឧស្ម័នដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផលប្រយោជន៍យូរអង្វែង នៃប្រទេសជាតិ នឹងភាពល្អប្រសើរនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here