ដោយ ប៊ី
អន្តរជាតិៈ មជ្ឈមណ្ឌលកម្សាន្ត Disney World ដ៏ធំរបស់អាមេរិកបានបិទទ្វារអស់រយៈពេល១១៦ ថ្ងៃ ដែលជារយៈពេលក្រុមហ៊ុន Walt Disney World បានផ្អាកដំណើរការ ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាតឆ្លងរាលដាល។

នៅថ្ងៃសៅរ៍ខាងមុខនេះ ក្រុមហ៊ុនDisney នឹងបើកទ្វារស្វាគមន៍ភ្ញៀវនៅឧទ្យានកម្សាន្តរបស់ខ្លួននៅទីក្រង Orlando រដ្ឋ Florida ឡើងវិញ។
ក្រុមហ៊ុន Disney (DIS) គ្រោងនឹងបើកដំណើរការជាផ្លូវការឡើងវិញ នៅថ្ងៃសៅរ៍ខាងមុខ សម្រាប់ឧទ្យាន Magic Kingdom និងសួនសត្វរបស់ខ្លួន។
ទោះបីជាDisney កំពុងអនុវត្តន៍វិធានការណ៍ជាច្រើន ដើម្បីបើកដំណើរការដោយសុវត្ថិភាពក៏ដោយ ក៏ការបើកឡើងវិញនូវឧទ្យានកម្សាន្តនេះ នៅហ្វ្រាន់ស៊ីស្កូធ្វើឡើងដោយប្រឈមនឹងហានិភ័យ សំណួរ និងការរិះគន់នៅពេលដែលករណីឆ្លង កំពុងកើនឡើងនៅរដ្ឋផ្លរីដា។
សួនកម្សាន្តនេះ មាននិយោជិកជាង៧៥.០០០នាក់ ហើយមនុស្សរាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ។

លោក Trip Miller ដែលជាម្ចាស់ភាគហ៊ុន និងជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Gullane Capital Partners បានឱ្យដឹងថា “នៅពេលអ្នកគិតសួនកម្សាន្ត Disney អ្នកនឹងស្រមៃឃើញមនុស្សជាច្រើននៅទីនោះ”។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19ច្រើនជាងគេនៅលើពិភពលោក។ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺ COVID-19 ចំនួនជាង៣,២លាននាក់ ស្លាប់ចំនួន១៣៥,៩១៥នាក់ និងជាសះស្បើយចំនួន ១,៤២៦,១៧០នាក់៕ CNN៕






