ដោយ ប៊ី
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ សម្រាប់ថវិកាជាតិចំនួន៦ ៨២០.៤៨ប៊ីលានរៀល (ប្រមាណជា ១ ៦៨៤.០៧លានដុល្លារអាមេរិក) ស្មើនឹង៥៩.០៩% នៃផែនការប្រចាំឆ្នាំ នៅឆមាសទី១ ឆ្នាំ២០២០ ។

ចំណូលនេះ បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ កើនឡើងចំនួន ៧៣៥,៨២ ប៊ីលានរៀល (ប្រមាណជា ១៨១.៦៨ លានដុល្លារអាមេរិក) ស្មើនឹង១២ ភាគរយ។
ព៌តមាននេះត្រូវបានប្រកាស ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០ ចំណូលពីប្រភេទពន្ធ០២ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ក្នុងនោះ អាករលើតម្លៃបន្ថែមជាង១ ៣៨៥ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង៦៣.៧៩ ប៊ីលានរៀល ប្រមាណ៤.៨៣ ភាគរយ និងពន្ធលើប្រាក់ចំណូលចំនួន ២ ៧១០.១៨ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង៥០៧.២៦ ប៊ីលានរៀល ប្រមាណ២៣,០៣ភាគរយ។
លោកគង់ វិបុល បានថ្លែងថា សម្រាប់ឆ្នាំ២០២០នេះ ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្ត ការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ១១ ៥៤៣.៣១ ប៊ីលានរៀល (ប្រមាណ ២ ៨៨៥,៨៣ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕






